រោងចក្រជាច្រើនបិទទ្វារដោយសារជំងឺ COVID-19 ធ្វើឱ្យកម្មកររបស់ភូមាប្រមាណ ២៥ ម៉ឺននាក់បាត់បង់ការងារធ្វើ
សេដ្ឋកិច្ច June 30, 2020 Chan Sreyny

អនុរដ្ឋមន្រ្តីក្រសួងការងារជនអន្តោប្រវេសន៍ និងចំនួនប្រជាជនប្រទេសភូមាលោក U Myint Kyaing បានថ្លែងនៅក្នុងសន្និសីទកាសែតស្តីពីលទ្ធផលការងារឆ្នាំទី ៤ របស់ក្រសួងកាលពីថ្ងៃទី ២៦ ខែមិថុនា ថាចំនួនអ្នកអត់ការងារធ្វើរួមទាំងពលករចំណាកស្រុកដែលបានវិលត្រឡប់មកពីបរទេសបានកើនឡើងប្រហែល ២៥ ម៉ឹននាក់។

លោកបានបន្ថែមទៀតថា កម្មករចំណាកស្រុកជាង ១០ ម៉ឺននាក់បានវិលត្រឡប់មកពីបរទេសវិញ បន្ទាប់ពីមានការរីករាលដាលនៃជំងឺ COVID-19 និងដោយសារតែការបិទទ្វាររោងចក្រនៅក្នុងប្រទេសភូមាចំនួន ៥.៦៥៨ កន្លៃងទើបបណ្ដាលឱ្យកម្មករជាង ១៤ ម៉ឺននាក់គ្មានការងារធ្វើ។ ចំនួនអ្នកគ្មានការងារធ្វើសរុបលើសពី ២៤ ម៉ឺននាក់រួមទាំងអ្នកធ្វើមាតុភូមិនិវត្តន៍។

ទន្ទឹមនឹងនេះ កម្មករជំនាញដែលបានត្រឡប់មកពីបរទេសវិញបានចុះឈ្មោះនៅការិយាល័យការងារដែលពាក់ព័ន្ធ ដោយក្រសួងកំពុងជួយពួកគេឱ្យទទួលបានការងារថ្មី។ គួររំលឹកផងដែរថា យ៉ាងហោចណាស់មានរោងចក្រចំនួន ៥៧ បានបើកដំណើរការឡើងវិញក្នុងកំឡុងពេលមានជំងឺរាតត្បាត ហើយរោងចក្រទាំងនោះបានទាក់ទងក្រសួងនៅពេលដែរពួកគេត្រូវការកម្មកររាប់ពាន់នាក់៕

អត្ថបទ៖ នីតា
ប្រភព៖ nationthailand