ការប៉ាន់ប្រមាណផ្នែកហិរញ្ញវត្ថុមួយបានបង្ហាញថា ការខាតបង់សេដ្ឋកិច្ចពីការលុបចោល ឬការពន្យារពេលព្រឹត្តិការណ៍ធំៗនៅក្នុងប្រទេសជប៉ុនដែលបណ្ដាលមកពីជំងឺ COVID-19 កាលពីដើមឆ្នាំនេះ អាចមានការខាត់បង់ទឹកប្រាក់ចំនួនច្រើនជាង ២៨ ពាន់លានដុល្លារ។
ធនាគារអភិវឌ្ឍន៍ដែលមានសម្ព័ន្ធភាពជាមួយរដ្ឋាភិបាលជប៉ុនបានចេញផ្សាយ ការប៉ាន់ប្រមាណនៃការខាតបង់សម្រាប់ខែមីនា មេសា និងឧសភា ថាការលុបចោល ឬការពន្យារពេលនៃពិធីបុណ្យក្នុងស្រុកចំនួន ១.១១៦ អាចជាការខាតបង់ប្រាក់លើសពី ១៦ ពាន់លានដុល្លារ។

ចំនែកឯ ការខាតបង់ដែលទាក់ទងនឹងតន្ត្រីផ្សាយបន្តផ្ទាល់ និងព្រឹត្តិការណ៍ល្ខោនចំនួន ១២.៧០៥ ត្រូវបានប៉ាន់ប្រមាណថានឹងមានការខាតបង់ទឹកប្រាក់សរុបប្រមាណ ៨.៤ ពាន់លានដុល្លារ ហើយការខាតបង់ទាក់ទងនឹងកីឡាបាល់បោះ កីឡាបាល់ទាត់ និងព្រឹត្តិការណ៍កីឡាដទៃទៀតប្រមាណ ២.៥ ពាន់លានដុល្លារ។ ទន្ទឹមនឹងនោះ ធនាគារប៉ាន់ស្មានទៀតថាប្រសិនបើការខាតបង់ពីការលុបចោល ឬការពន្យារពេលការធ្វើសន្និសីទអន្តរជាតិ និងការតាំងពិព័រណ៍ត្រូវបានរាប់បញ្ចូលនោះចំនួនទឹកប្រាក់សរុបអាចមានចំនួន ២៨.២ ពាន់លានដុល្លារ។

ធនាគារក៏បានបញ្ជាក់ដែរថា ព្រឹត្តិការណ៍ជាច្រើនត្រូវបានធ្វើឡើងជាធម្មតានៅក្នុងខែកក្កដា និងខែសីហា ហើយការខាតបង់អាចនឹងកើតឡើងប្រសិនបើព្រឹត្តិការណ៍ជាច្រើនត្រូវបានលុបចោល ឬពន្យារពេល។

អត្ថបទ៖ នីតា
ប្រភព៖ nhk


