WB អនុម័តឥណទានចំនួន ៩៣ លានដុល្លារអាមេរិកសម្រាប់កម្ពុជា ដើម្បីលើកកម្ពស់សន្តិសុខដីធ្លី សម្រាប់កសិករក្រីក្រ និងសហគមន៍ជនជាតិដើមភាគតិច
សេដ្ឋកិច្ច June 30, 2020 Chan Sreyny

នៅក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីសប្ដាហ៍មុនធនាគារពិភពលោក (WB) បានឲ្យដឹងថាខ្លួនបានយល់ព្រមផ្ដល់ឥណទានចំនួន ៩៣ លានដុល្លារសម្រាប់គម្រោងបែងចែកដីធ្លី និងគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមទី៣ (LASED III)។​ តាមរយៈសេចក្ដីថ្លែងការណ៍បានបង្ហាញថា គម្រោងនេះនឹងជួយកែលម្អសន្តិសុខ សិទ្ធិកាន់កាប់ដីធ្លី ការទទួលបានហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មកសិកម្មនិងសង្គមសម្រាប់កសិករដែលគ្មានដី និងអ្នកក្រីក្រ រួមទាំងសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា។

ជាមួយគ្នានេះលោកស្រី Inguna Dobraja នាយកប្រចាំប្រទេសនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា « ការទទួលបានដីដែលធ្វើឲ្យការអនុវត្តកសិកម្មកាន់តែប្រសើរ និងពង្រីកសេវាកម្មដើម្បីលើកកម្ពស់ផលិតភាពកដូចជា ការទទួលបានសេវាសាធារណៈប្រសើរជាងមុនមានសារៈសំខាន់សម្រាប់ប្រជាជនក្រីក្រនៅតាមជនបទ។

លោកស្រីបានបន្ថែមថា គម្រោង (LASED III) នឹងជួយរដ្ឋាភិបាលក្នុងការបន្តផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លី និងដីធ្លីដល់គ្រួសារដែលគ្មានដីនិងក្រីក្រ ជាពិសេសដើម្បីធានាសន្តិសុខសិទ្ធិកាន់កាប់ដីធ្លីសម្រាប់សហគមន៍ជនជាតិដើមភាគតិចនៅក្នុងតំបន់គោលដៅនៃគម្រោង។ បន្ថែពីនេះទៅទៀតបើយោងតាមសេចក្ដីថ្លែងការណ៍ គម្រោងនេះនឹងគ្របដណ្តប់លើទីតាំងនិងសហគមន៍ចំនួន ៧១ នៅតាមបណ្តាខេត្តទាំងអស់នៅក្នុងប្រទេសកម្ពុជាលើកលែងតែរាជធានីភ្នំពេញ។ ដោយគម្រោងនេះនឹងគាំទ្រដល់ការកសាងផ្លូវជនបទ ប្រព័ន្ធធារាសាស្ត្រខ្នាតតូច ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ អាគារសាលារៀន ផ្ទះសម្រាប់គ្រូបង្រៀន ប៉ុស្តិ៍សុខភាព និងមជ្ឈមណ្ឌលសហគមន៍។

ជាងនេះទៅទៀត គម្រោងនេះក៏នឹងផ្តល់ជំនួយបច្ចេកទេសដើម្បីអនុវត្តបច្ចេកទេសកសិកម្មវ័យឆ្លាត បង្កើតអង្គការកសិករសម្រាប់សកម្មភាពផលិតកម្ម និងទីផ្សារ ហើយគ្រប់គ្រងមូលនិធិសហគមន៍ដើម្បីពង្រីកសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់។ គួរបញ្ជាក់ផងដែរថា បើតាមរបាយការណ៍ដដែលបានឲ្យដឹងបន្ថែមថា តាមរយៈគម្រោង (LASED) និង (LASED II) របស់ធនាគារពិភពលោកដែលបានចាប់ផ្ដើមតាំងពីឆ្នាំ២០០៨ ប្រទេសកម្ពុជាបានបម្រុងទុកដីកសិកម្មចំនួន ១៧,០០០ ហិកតាសម្រាប់ប្រជាជន និងគ្រួសារដែលគ្មានដី និងក្រីក្រជាង ៥,០០០ គ្រួសារ ហើយប្រជាជនចំនួន ៣,៣៦០ គ្រួសារបានទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លរួចរាល់៕

អត្ថបទ៖ លីនី
ប្រភព៖ xinhuanet