បន្ទាប់ពីចំនួនអ្នកឆ្លងធូរស្បើយ ថៃនឹងបើកជើងហោះហើរអន្តរជាតិឡើងវិញក្នុងសប្ដាហ៍នេះ
សេដ្ឋកិច្ច June 30, 2020 Chan Sreyny

និយតករអាកាសចរណ៍របស់ថៃ បាននិយាយកាលពីថ្មីៗនេះថាប្រទេសថៃនឹងដកបម្រាមលើជើងហោះហើរអន្តរជាតិនៅក្នុងពេលឆាប់ៗនេះ។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ CAAT ក៏បានបញ្ជាក់ថាការហាមឃាត់លើការហោះហើរអន្តរជាតិនឹងត្រូវបានដកចេញនៅថ្ងៃពុធ ក្រោមលក្ខខណ្ឌមួយចំនួន។

យន្តហោះ និងអ្នកដំណើរដែលចូលក្នុងប្រទេសថៃត្រូវគោរពតាមល័ក្ខខ័ណ្ឌកំណត់ពេលវេលា និងវិធានការរបស់បុគ្គលដែលត្រូវបានអនុញ្ញាតក្រោមច្បាប់អន្តោប្រវេសន៍ ច្បាប់ស្តីពីជំងឺឆ្លង ច្បាប់នាវាចរណ៍អាកាសចរណ៍ និងក្រឹត្យគ្រាអាសន្ន។ ការប្រកាសនេះរដ្ឋាភិបាលថៃបានធ្វើឡើងកាលពីព្រឹកថ្ងៃច័ន្ទ បានអនុម័តការធ្វើដំណើរទៅលើជនបរទេសដែលមកក្នុងប្រទេសថៃមួយចំនួនរួមមាន៖ អ្នកដំណើរអាជីវកម្ម និងជនបរទេសដែលមានប្តីប្រពន្ធហើយមានលិខិតអនុញ្ញាតការងារ ឬការស្នាក់នៅក្នុងប្រទេស។

ទន្ទឹមនឹងនេះ អាកាសយានដ្ឋាន និងឧស្សាហកម្មអាកាសចរណ៍ទទួលរងនូវការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរបំផុតពីការហាមឃាត់កាលពីខែមេសា មុនពេល CAAT អនុញ្ញាតឱ្យមានជើងហោះហើរមួយចំនួនចាប់ផ្តើមដំណើរការឡើងវិញនៅក្នុងខែឧសភា ។ គួររំលឹកផងដែរថា ចំនួនអ្នកដំណើរតិចជាង ៥ លាននាក់បានឆ្លងកាត់ព្រលានយន្តហោះចំនួន ២៨ របស់ប្រទេសថៃចាប់តាំងពីដើមឆ្នាំនេះ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនគេកត់សម្គាល់ឃើញថាមានការធ្លាក់ចុះ ដោយកាលពីឆ្នាំមុនមានអ្នកដំណើរចំនួន ៩.៣ លាននាក់ដែលបានឆ្លងកាត់ព្រលានយន្តហោះដូចគ្នា៕

អត្ថបទ៖ នីតា
ប្រភព៖ bangkokpost