សេដ្ឋវិទូតៃវ៉ាន់មកពីវិទ្យាស្ថានស្រាវជ្រាវ Capital Economic បាននិយាយថា សេដ្ឋកិច្ចរបស់តៃវ៉ាន់មានសន្ទុះល្អប្រសើរជាងបណ្តាប្រទេសនៅអាស៊ី បើទោះបីជាមានការវាយប្រហាយ៉ាងខ្លាំងពីជំងឺ COVID-19 ក៏ដោយ។
ទោះស្ថិតនៅជិតប្រទេសចិនដីគោកក៏តៃវ៉ាន់ទើបតែបានរាយការណ៍ថាមានករណីឆ្លងជំងឺ COVID-19 ចំនួន ៤៤៧ ករណីនិងមានអ្នកស្លាប់ ៧ នាក់ក្នុងចំណោមប្រជាជន ២៤ លាននាក់។ នេះគឺជាភាពជោគជ័យរបស់តៃវ៉ាន់ក្នុងការទប់ស្កាត់លើករណីមួយនេះ ដែលទទួលបានការកោតសរសើរជាសកលចំពោះយុទ្ធសាស្ត្ររបស់ខ្លួនដែលពាក់ព័ន្ធនឹងការតាមដាន និងការត្រួតពិនិត្យព្រំដែន។

ទិន្នន័យចុងក្រោយបានបង្ហាញថាសេដ្ឋកិច្ចរបស់កោះតៃវ៉ាន់មានសន្ទុះកើនឡើងយ៉ាងខ្លាំង។ បើតាមការដកស្រង់សំដីរបស់ក្រុមហ៊ុន Capital Economics ដែលបានលើកឡើងថា ដោយសារផលិតកម្មឧស្សាហកម្មបានកើនឡើង ១.៥% ក្នុងខែឧសភា នេះបើធៀបទៅនឹងឆ្នាំមុន។ ទោះបីជាទាបជាងកំណើនប្រចាំឆ្នាំ ៤.២% ក្នុងខែមេសាក៏ដោយ តៃវ៉ាន់នៅតែខ្លាំងជាងបណ្តាប្រទេសដទៃទៀតនៅអាស៊ី។

លោក Gareth Leather សេដ្ឋវិទូជាន់ខ្ពស់នៅអាស៊ីបានកត់សំគាល់ថា « ហេតុផលដ៏សំខាន់សម្រាប់ការអនុវត្តខ្លាំងគឺថាតៃវ៉ាន់មិនដែលធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនធ្លាក់ចុះ ដូច្នេះរោងចក្រផលិតនៅតែបន្តដំណើរការដូចដើមដដែល »។ គួបញ្ជាក់ផងដែរថា ហេតុផលដែលតៃវ៉ាន់នៅតែរក្សាសេដ្ឋកិច្ចរបស់ខ្លួនបានល្អគឺដោយសារតែតៃវ៉ាន់គឺជាកោះមួយដែលខ្លាំងខាងផ្នែកអេឡិចត្រូនិច និងមាននយោបាយល្អជាមួយប្រទេសចិន ដោយសារតែអាជីវកម្មតៃវ៉ាន់មានសិទ្ធិពិសេសក្នុងការចូលទៅកាន់ចិនដីគោកដែលក្រុមហ៊ុនបរទេសមិនមាន៕

អត្ថបទ៖ នីតា
ប្រភព៖ cnbc


