មួយរយៈនៃការផ្ទុះឡើងជំងឺ COVID-19 បានធ្វើឱ្យម៉ាឡេស៊ីបាត់បង់ចំណូលពីវិស័យទេសចរណ៍ជាង ១០.៥ ពាន់លានដុល្លា
សេដ្ឋកិច្ច June 29, 2020 Chan Sreyny

ឧស្សាហកម្មទេសចរណ៍ និងវប្បធម៌របស់ប្រទេសម៉ាឡេស៊ីនៅឆមាសទីមួយនៃឆ្នាំ ២០២០ នេះបានខាតបង់ថវិកាប្រមាណ ៤៥ ពាន់លានរីងហ្គីត (ជាង​ ១០.៥ ពាន់លានដុល្លា) ដោយសារគ្រោះមហន្ដរាយនៃជំងី COVID-19 នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Bernama ។

កាលពីថ្ងៃទី ២៧ ខែមិថុនា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៍របស់ម៉ាឡេស៊ី លោកស្រី Nancy Shukri បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា វិស័យទេសចរណ៍គឺជាផ្នែកមួយយ៉ាងសំខាន់នៃវិស័យសេដ្ឋកិច្ច ដែលរងផលប៉ះពាល់យ៉ាងខ្លាំងបំផុតហើយត្រូវបានគេរំពឹងថា ជាផ្នែកចុងក្រោយដែលអាចស្ដារឡើងវិញបាន។

យ៉ាងណាមិញដើម្បីគាំទ្រដល់វិស័យនេះលោកស្រីបានមានប្រសាសន៍ថា ក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌នឹងពង្រឹងគំនិតផ្តួចផ្តើមទេសចរណ៍ក្នុងស្រុកក្រោមយុទ្ធនាការរបស់ Cuti-Cuti នៅប្រទេសម៉ាឡេស៊ី។ គួររំលឹកផងដែរថា កាលពីឆ្នាំមុនប្រទេសម៉ាឡេស៊ីបានស្វាគមន៍ភ្ញៀវទេសចរសរុបចំនួន ២៦.១ លាននាក់ដែលទទួលបានទឹកប្រាក់ជាង ៨៦ ពាន់លានរីងហ្គីត (ជាង​ ២០ ពាន់លានដុល្លា) ៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus