ក្រសួងសាធារណការ និងអភិបាលខេត្តសៀមរាបចាប់ដៃគ្នា អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវមេចំនួន ៣៨ខ្សែ ដើម្បីសម្រួលការធ្វើដំណើរ លើកស្ទួយសេដ្ឋកិច្ចនិងមុខមាត់ប្រទេសជាតិ
សេដ្ឋកិច្ច June 29, 2020 Chan Sreyny

គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវមេចំនួន ៣៨ខ្សែ សរុបប្រវែង ៩៨.៣៤ គ.ម ក្នុងក្រុងសៀមរាបត្រូវបានសិក្សាក្នុងគោលបំណងដើម្បីចូលរួមលើកកម្ពស់វិស័យសេដ្ឋកិច្ច សោភណ្ឌភាពទីក្រុងសៀមរាបឲ្យសាកសមជាទីក្រុងទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្រ្តព្រមទាំងតភ្ជាប់ទីប្រជុំជនក្រុងសៀមរាបទៅតំបន់ដាច់ស្រយាលនៅជាយក្រុង និងជួយ​សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ក្នុងខេត្តសៀមរាប។

នៅក្នុងកិច្ចប្រជុំពិភាក្សារវាងឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប កាលពីថ្ងៃទី២៧ ខែមិថុនា កន្លងទៅនេះបានឲ្យដឹងថា ក្រសួងសាធារណ ការ និងដឹកជញ្ជូនរួមជាមួយអភិបាលខេត្តសៀមរាបបានប្រជុំពិភាក្សា ពិនិត្យ និងសិក្សាទៅលើគម្រោងខ្សែផ្លូវមេចំនួន ៣៨ខ្សែ សរុបប្រវែងប្រមាណ ៩៨.៣៤ គ.ម ក្នុងនោះផ្លូវពីរគន្លង មានប្រវែងប្រមាណ ៤៤គ.ម និងផ្លូវបួនគន្លង មានប្រវែងប្រមាណ ៥៤គ.ម លាតសន្ធឹងក្នុងសង្កាត់ទាំង១២ របស់ក្រុងសៀមរាប និងមួយផ្នែកនៃស្រុកបាគង ដែលស្ថិតក្នុងគម្រោងអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធក្នុងក្រុងសៀមរាប។

ថ្លែងនៅក្នុងកិច្ចប្រជុំឯកឧត្ដមអភិបាលខេត្ត បានឱ្យដឹងថា៖ ខេត្តសៀមរាប គឺជាខេត្តទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ ហើយស្ថានភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជាច្រើន ត្រូវធ្វើការជួសជុល និងកែលម្អឡើងវិញ ហើយគម្រោងខ្សែផ្លូវមេទាំង ៣៨ខ្សែនេះ ដែលបានសិក្សានេះគឺជាសរសៃឈាម និងជាបេះដូងរបស់ខេត្ត ដើម្បីកំណើនសេដ្ឋកិច្ច ទេសចរណ៍ និងសោភណ្ឌភាពរបស់ខេត្ត។ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងពីការងារជួសជុល និងកែលម្អផ្លូវចំនួន១០ខ្សែ ដោយរដ្ឋបាលខេត្តសៀមរាប រួមមាន៖ ផ្លូវតាអុច ផ្លូវនាគទេព ផ្លូវខ្នែងជន្លង់ ផ្លូវតុងសេង ផ្លូវអាទីហ្សង់ ផ្លូវគោកស្រិត ផ្លូវជាប់សូហ្វីតែល ផ្លូវពន្ធដារខេត្ត ផ្លូវកេសរកូល និងផ្លូវស្វាយមាស។

ជាមួយគ្នានោះ ឯកឧត្ដមទេសរដ្ឋមន្ដ្រី បានមានប្រសាសន៍លើកឡើងថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ដល់ពេលដែលត្រូវសិក្សារៀបចំផែនការមេ ដើម្បីធ្វើការជួសជុស កែលម្អឡើងវិញ ដូចក្រុងព្រះសហនុ ឱ្យសាកសមជាទីក្រុងទេសចរណ៍ ដើម្បីលើកស្ទួយមុខមាត់ប្រទេសជាតិ នៅលើឆាកអន្តរជាតិ តាមរយៈភ្ញៀវទេសចរណ៍អន្តរជាតិ។

ឯកឧត្តមទេសរដ្ឋមន្ដ្រី ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកំពុងសិក្សាស្វែងរកប្រភពថវិកាដើម្បីអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនេះ ។ ឯកឧត្តមទេសរដ្ឋមន្ដ្រីក៏បានលើកឡើងផងដែរថា ខេត្តសៀមរាប ជាប៉ូលសេដ្ឋកិច្ច ដ៏សំខាន់មួយរបស់កម្ពុជា និងជាតំបន់តភ្ជាប់ផ្លូវសេដ្ឋកិច្ចបាត់ដំបង-សៀមរាប។

ឯកឧត្តមទេសរដ្ឋមន្ដ្រីបានលើកឡើង គម្រោងដែលក្រសួង កំពុងជួសជុល កែលម្អឡើងវិញ គម្រោងផ្លូវវាងក្រុងរួមមាន៖ ផ្លូវខេត្តលេខ 2SR3 ប្រវែង ១៤,៩៥គ.ម បំបែកពីផ្លូវជាតិលេខ៦ ត្រង់គ.ម ៣០៨+៨៣០ (ចុងកៅស៊ូ) ដល់គ.ម ៣១៩+៦០០ (ទឹកវិល) ក្រាលកៅស៊ូ DBST និងផ្លូវខ្នារចាស់ (វិថីសម្តេច ជា ស៊ីម) ប្រវែង ៤,៦០គ.ម បន្តពីផ្លូវ ៧មករា ចាប់ពីផ្លូវលេខ 2SR3 ឆ្ពោះទៅកាន់ផ្លូវខេត្តលេខ 265F និងគម្រោងផ្លូវវាងខាងត្បូងក្រុងសៀមរាប មានប្រវែង៤៥គ.ម ចាប់ពីផ្លូវជាតិលេខ ៦ ត្រង់ចំណុច គ.ម២៩១ ដល់គ.ម ៣៣០ កំពុងសិក្សាជ្រើសរើសគន្លងខ្សែផ្លូវ និងសិក្សាសមិទ្ធិលទ្ធភាពគម្រោង។ ព្រមជាមួយគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងសៀមរាបផងដែរ។

សូមបញ្ជាក់ផងដែរថា៖ គម្រោងសិក្សាផ្លូវទាំង ៣៨ខ្សែនេះ ជាបណ្តុំបណ្ដាញផ្លូវមេយ៉ាងប្រទាក់ក្រឡាក្នុងក្រុងសៀមរាប នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ក្នុងខេត្តសៀមរាប កាត់បន្ថយពេលវេលាក្នុងការដឹកជញ្ជូន និងចរាចរណ៍ទំនិញគ្រប់ប្រភេទ កាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងលើកកម្ពស់សោភណ្ឌភាពទីក្រុងសៀមរាប ឱ្យសាកសមជាទីក្រុងទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ របស់កម្ពុជា។

ម្យ៉ាងទៀត គម្រោងផ្លូវនេះ នឹងចូលរួមជំរុញ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច តាមរយៈតំបន់ទេសចរណ៍នានា ជាពិសេសតំបន់ភាគខាងត្បូង និងការធ្វើសមាហរណកម្មប្រជាពលរដ្ឋដែលនៅជាយក្រុងដាច់ស្រយាល មកកាន់តែជិតក្រុងតភ្ជាប់ទីប្រជុំជនក្រុងសៀមរាប ដោយកាត់បន្ថយគម្លាតរវាងប្រជាពលរដ្ឋក្នុងក្រុង និងតំបន់ដាច់ស្រយាលនៅជាយក្រុង ក្នុងការទទួលបានសមិទ្ធផលប្រកបដោយបរិយាប័ន្ន៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន