ប្រទេសជប៉ុន បើកទទួលកម្មករបស់ថៃឱ្យចូលមកធ្វើការនៅក្នុងប្រទេសរបស់ខ្លួន ដោយសារកង្វះកម្មករជំនាញ។ ជប៉ុនកំពុងផ្តល់ឱកាសការងារចំនួន ១៤ ប្រភេទដល់ពលករបរទេសរួមទាំងពលករថៃដែលបានទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈនៅប្រទេសជប៉ុនកាលពីមុន។
លេខាធិការនៃក្រសួងការងារលោក Suthi Sukosol បានមានប្រសាសន៍ថា អាទិភាពនឹងត្រូវបានផ្តល់ដល់ពលករថៃដែលបានបញ្ចប់កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈចន្លោះពី ៣ ទៅ ៥ ឆ្នាំនៅប្រទេសជប៉ុនក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការថៃ – ជប៉ុន។

លោកបាននិយាយទៀតថា នៅក្នុងដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងនេះជប៉ុន នឹងស្វាគមន៍កម្មករជំនាញមកពីប្រទេសថៃមកធ្វើការនៅជប៉ុនចាប់ពី ៥ ឆ្នាំឡើងទៅនៃការងារ ៤ ប្រភេទក្នុងចំណោមការងារទាំង ១៤ ប្រភេទដូចជា៖ ការថែទាំសុខភាព ឧស្សាហកម្មសំណង់ ការសម្អាតអគារ និងកសិកម្ម។ ការងារផ្សេងទៀតដែលជប៉ុនត្រូវការនាំចូលកម្មករជំនាញមកពីបរទេសរួមមានផ្នែកគ្រឿងម៉ាស៊ីន និងផលិតកម្មឧបករណ៍ឧស្សាហកម្ម ឧស្សាហកម្មម៉ាស៊ីនអេឡិចត្រូនិច បច្ចេកវិទ្យាព័ត៌មាន ការកសាងកប៉ាល់ ការជួសជុល និងថែទាំរថយន្ត អាកាសចរណ៍ សណ្ឋាគារ ជលផល និងវារីវប្បកម្ម អាហារ និងភេសជ្ជៈ ផលិតកម្ម និងបដិសណ្ឋារកិច្ច។

ទន្ទឹមនឹងនេះ អគ្គនាយកនៃក្រសួងការងារលោក Suchart Pornchaiwisetkul បាននិយាយថាប្រទេសជប៉ុនចង់ឲ្យ ប្រទេសថៃផ្គត់ផ្គង់កម្មករជំនាញក្នុងប្រភេទទាំងនេះឱ្យបានឆាប់នៅពេលដែលស្ថានភាពជំងឺរាតត្បាត COVID-19 បានថយចុះ៕
អត្ថបទ៖ នីតា
ប្រភព៖ bangkokpost


