ប្រទេសថៃបានងាកមករកវិស័យទេសចរណ៍ដោយផ្ដោតទៅលើភ្ញៀវទេសចរលំដាប់ខ្ពស់ ដែលហ៊ានចំណាយប្រាក់ជាច្រើននៅក្នុងទឹកដីរបស់ខ្លួន។ យោងតាមរដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក Phiphat Ratchakitprakarn បានឱ្យដឹងថាយុទ្ធសាស្រ្តជំរុញវិស័យទេសចរណ៍របស់រដ្ឋាភិបាល គឺផ្តោតទៅលើការទាក់ទាញភ្ញៀវទេសចរដែលចំណាយលុយច្រើន ក្នុងការស្វែងរកភាពឯកជន និងការរក្សាគម្លាតនៅឆ្ងាយពីសង្គមក្នុងសម័យ COVID-19 ជាជាងទាក់ទាញភ្ញៀវទេសចរមកច្រើនតែបានចំណូលតិច។
លោកបានបន្ថែមទៀតថា ការរីករាលដាលនៃជំងឺរាតត្បាតផ្ដល់នូវឱកាសដើម្បីកំណត់លើភ្ញៀវទេសចរ ដោយដាក់គោលដៅទាក់ទាញលើអ្នកទេសចរចិន និងអ្នកទេសចរផ្សងព្រេង។ ជាមួយគ្នានេះ នៅពេលដែលច្រកព្រំដែនប្រទេសត្រូវបើកដំណើរការឡើងវិញ ថៃនឹងចាប់ផ្ដើមប្រើប្រាស់កម្មវិធីសម្រាប់វិស័យទេសចរន៍ «travel bubbles» ដែលត្រូវបានព្រមព្រៀងជាមួយប្រទេសមួយចំនួន។ បន្ថែមពីនេះ ថៃក៏បានធ្វើកិច្ចខិតខំប្រឹងប្រែងផ្នែកទីផ្សារលើវិស័យទេសចរណ៍ នឹងទាក់ទាញសម្រាប់បុគ្គលអ្នកមានដែលកំពុងស្វែងរកកន្លែងសម្រាកដែលមានហានិភ័យទាបបំផុត។

ទោះបីជាយ៉ាងនេះក្ដី ភ្ញៀវទេសចរលំដាប់ខ្ពស់នឹងត្រូវបានបញ្ជូនទៅរមណីយដ្ឋានប្រណិតនៅលើកោះល្បីៗមួយចំនួនរបស់ថៃ ហើយពួកគេអាចធ្វើដំណើរដោយសេរីនៅពេលដែលពួកគេត្រូវបានអនុញ្ញាតឱ្យទៅកន្លែងស្នាក់នៅរបស់ពួកគេ ឬកន្លែងផ្សេងទៀតនៅក្នុងប្រទេសថៃបន្ទាប់ពីរយៈពេល ១៤ ថ្ងៃបានកន្លងផុតទៅ។ ប្រទេសថៃ គ្រោងនឹងទាក់ទាញភ្ញៀវទេសចរបែបនេះនៅក្នុងអំឡុងពេលរដូវរងារក្នុងខែវិច្ឆិកា ដល់ខែកុម្ភៈ នៅពេលភ្ញៀវទេសចរអឺរ៉ុប និងអាមេរិកស្វែងរកកន្លែងទេសចរណ៍ដែលមានអាកាសធាតុក្តៅ។

អត្ថបទ៖ នីតា
ប្រពភ៖ bangkokpost


