ប្រទេសហ្វីលីពីនគ្រោងចំណាយថវិកា ៨៦ ពាន់លានដុល្លារដើម្បីស្តារសេដ្ឋកិច្ចឡើងវិញក្នុងឆ្នាំ ២០២១
សេដ្ឋកិច្ច June 25, 2020 Chan Sreyny

រដ្ឋាភិបាលហ្វីលីពីនកំពុងស្វែងរកថវិកាចំនួន ៤.៣ ទ្រីលានប៉េសូ (៨៥.៩៧ ពាន់លានដុល្លារ) សម្រាប់ឆ្នាំ ២០២១ ដោយផ្តោតលើការស្ដារសេដ្ឋកិច្ចឡើងវិញ ដែលបានរងការវាយប្រហារដោយជំងឺ COVID-19 ។

លេខាធិការថវិការលោក Wendel Avisado បាននិយាយថា សេចក្តីព្រាងថវិកាដែលគ្រោងនឹងដាក់ជូនសភានៅក្នុងកិច្ចប្រជុំនៅខែក្រោយនេះគឺមានចំនួន ៤.១ ទ្រីលានប៉េសូដែលខ្ពស់ជាងឆ្នាំនេះ ៥% ។ ការចំណាយនៅឆ្នាំក្រោយត្រូវបានរៀបចំឡើងសម្រាប់ ប្រព័ន្ធថែទាំសុខភាព ធានាសន្តិសុខស្បៀង ការពន្លឿនការផ្លាស់ប្តូរឌីជីថលរបស់រដ្ឋាភិបាល និងជួយសហគមន៍ឱ្យមានការងើបឡើងវិញ។

ថវិកាដែលបានស្នើសុំនេះមានភាពដាច់ដោយឡែក គឺថវិកាសម្រាប់ជំរុញសេដ្ឋកិច្ចចំនួន ១.៣ ទ្រីលានប៉េសូដែលសភាជាន់ទាបបានអនុម័តកាលពីដើមខែនេះ និងផែនការមួយផ្សេងទៀតដែលកំពុងពិភាក្សានៅព្រឹទ្ធសភា។ លោក Avisado បានបន្ថែមទៀតថា គម្រោងនេះនឹងជួយរដ្ឋាភិបាលឱ្យឆ្លងផុតពីការរាតត្បាតនៃជំងឺ COVID-19 និងផ្តល់នូវកម្មវិធីជំនួយផ្សេងៗសម្រាប់ប្រជាជន ជាពិសេសអ្នកដែលបាត់បង់ការងារធ្វើឱ្យកាន់តែល្អប្រសើរជាងមុន។

គួររំលឹកផងដែរថា ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះធ្លាប់ទទួលបានអត្រាកំណើនសេដ្ឋកិច្ចលឿនបំផុតមួយនៅលើពិភពលោកមុនពេលដែលមានជំងឺរាតត្បាត បន្ទាប់ពីជំងឺនេះបង្កឱ្យមានការបំផ្លិចបំផ្លាញដល់អាជីវកម្មសកល ដែលត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះពី ២ ទៅ ៣.៤% នៃផលិតផលក្នុងស្រុកសរុបនៅក្នុងឆ្នាំនេះ៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus