តម្លៃនាំចេញស្បៀងអាហាររបស់ថៃ បានធ្លាក់ចុះ ៣% នៅឆ្នាំនេះដោយសារផលប៉ះពាល់នៃជំងឺ COVID-19
សេដ្ឋកិច្ច June 24, 2020 Chan Sreyny

តម្លៃនាំចេញស្បៀងអាហាររបស់ប្រទេសថៃ ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ ៣% នៅក្នុងឆ្នាំនេះនៃគោលដៅដែលបានកំណត់ពីមុន ១.០២ ទៅ ១.០៦ ទ្រីលានបាត។ ខណៈដែលអ្នកនាំចេញជឿជាក់ថា ឧស្សាហកម្មនេះនឹងមានការយឺតយ៉ាវក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីរងគ្រោះដោយជំងឺ COVID-19 ។

ការបិទអាជីវកម្មរយៈពេលជាច្រើនខែ ការហាមឃាត់ការហោះហើរក្នុងស្រុក ការបញ្ជាទិញទំនិញមានការថយចុះ និងការឡើងថ្លៃនៃប្រាក់បាតបានធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មមួយនេះ។
យោងតាមសម្ដីរបស់ ប្រធានក្លឹបឧស្សាហកម្មកែច្នៃម្ហូបអាហាររបស់សហព័ន្ធឧស្សាហកម្មថៃ លោក Visit Limlurcha បាននិយាយថា៖ « នៅក្នុងបរិយាកាសដ៏អាប់អួរនៃឧស្សាហកម្មស្បៀងអាហារនេះ នឹងពិបាកក្នុងការស្ដារឡើងវិញ »។ លោកក៏បានបន្តទៀតថា « អាជីវកម្មទាំងនេះធ្លាប់តែមានការបញ្ជាទិញស្បៀងអាហារយ៉ាងច្រើន ប៉ុន្តែបច្ចុប្បន្នថៃទទួលបានការបញ្ជាទិញតិចតួចបំផុត ឬគ្មានសោះតែម្ដង »។

ទន្ទឹមនឹងនេះ វិធានការណ៍ដ៏តឹងរ៉ឹងដើម្បីទប់ស្កាត់ជំងឺមួយនេះ បានធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ សណ្ឋាគារ និងភោជនីយដ្ឋានកាត់បន្ថយការបញ្ជាទិញម្ហូបអាហាររបស់ពួកគេ។ ឧស្សាហកម្មម្ហូបអាហារពឹងផ្អែកយ៉ាងខ្លាំង ទៅលើវិស័យទេសចរណ៍ដែលថ្មីៗនេះបានទាក់ទាញភ្ញៀវពី ៣៥ ទៅ ៤០ លាននាក់ក្នុងមួយឆ្នាំ។ ឧស្សាហកម្មម្ហូបអាហារក៏មានការព្រួយបារម្ភអំពីប្រាក់បាតខ្ពស់ផងដែរ ដោយបញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់វិស័យទេសចរណ៍ប៉ុណ្ណោះទេថែមទាំងវិស័យនាំចេញផងដែរ។

គួរំលឹកផងដែរថា ប្រទេសថៃជាប់ចំណាត់ថ្នាក់ទី ១១ ក្នុងចំណោមអ្នកនាំចេញស្បៀងអាហារពិភពលោក ប៉ុន្តែនៅអាស៊ីជាប់ចំណាត់ថ្នាក់លេខ ២ (បន្ទាប់ពីប្រទេសចិន) ដែលមានផលិតផលនាំចេញជាង ៣៥ លានតោន។ ការនាំចេញស្បៀងអាហារកាលពីឆ្នាំ ២០១៩ បានធ្លាក់ចុះមកត្រឹមតម្លៃ ១.០២ ទ្រីលានបាតដែលការធ្លាក់ចុះនេះស្មើនឹង ៣.៨% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨ ។ ម្ហូបអាហារដែលបាននាំចេញកាលពីមុនមានចំនួន ៧៦.៥%​ នៃតម្លៃនាំចេញសរុប៕

អត្ថបទ៖ នីតា
ប្រភព៖ bangkokpost