ពាណិជ្ចកម្មពិភពលោក ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះប្រហែល ១៨.៥% បើធៀបទៅនឹងឆ្នាំមុនក្នុងត្រីមាសទី២ នៃឆ្នាំនេះ។ ការធ្លាក់ចុះនេះបណ្ដាលមកពីការរីករាលដាលនៃជំងឺ COVID-19 ដែលជំងឺមួយនេះអាចបង្កឱ្យមានសភាពធ្ងន់ធ្ងរបន្ថែមទៀត នេះបើយោងតាមអង្គការពាណិជ្ចកម្មពិភពលោក ( WTO ) បាននិយាយកាលពីថ្ងៃអង្គារ កន្លងទៅ។
ជាមួយគ្នានេះដែរ WTO បានឱ្យដឹងថានៅក្នុងត្រីមាសទី១ ទំហំពាណិជ្ជកម្មបានធ្លាក់ចុះ ៣% បើធៀបទៅនឹងរយៈពេល ៣ ខែដូចគ្នាក្នុងឆ្នាំ ២០១៩។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ WTO បាននិយាយថា៖ « ការប៉ាន់ស្មានដំបូងសម្រាប់ត្រីមាសទី២ នៅពេលដែលវីរុសនិងវិធានការចាក់សោជាប់ទាក់ទងនឹងផលប៉ះពាល់ដ៏ធំមួយនៃចំនួនប្រជាជនពិភពលោកបង្ហាញពីការធ្លាក់ចុះប្រចាំឆ្នាំប្រហែល ១៨.៥% » ។

ទោះយ៉ាងណាក្ដី ការធ្លាក់ចុះដែលបានរំពឹងទុក គឺប្រសើរជាងសេណារីយ៉ូដ៏អាក្រក់បំផុតរបស់អង្គការពាណិជ្ជកម្មពិភពលោក ចំពោះផលប៉ះពាល់នៃជំងឺរាតត្បាត COVID-19 ទៅលើពាណិជ្ជកម្មពិភពលោក ហើយសេដ្ឋកិច្ចពិភពលោកអាចនឹងធ្លាក់ចុះនៅត្រីមាសទី ២ នៃឆ្នាំនេះ។

ទន្ទឹមនឹងនេះលោក Roberto Azevedo អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោកបាននិយាយថា « ការធ្លាក់ចុះនៃពាណិជ្ជកម្មពិភពលោកដែលយើងបានមើលឃើញនេះ វាមានសភាពធ្ងន់ធ្ងរនៅក្នុងប្រវត្តិសាស្ត្រ ដែលអត្រានៃការធ្លាក់ចុះបានកើនឡើងខ្ពស់ ប៉ុន្តែអ្វីដែលសំខាន់នោះគឺ វានឹងកាន់តែអាក្រក់ទៅៗលើសពីការរំពឹងទុកទៅទៀត » ៕
អត្ថបទ៖ នីតា
ប្រភព៖ bangkokpost


