រដ្ឋាភិបាលកម្ពុជាអាចនឹងបន្ថែមថវិកាដើម្បីជួយដល់ក្រុមគ្រួសារក្រីក្រ និងងាយរងគ្រោះដោយសារការរាតត្បាតនៃវីរុស Covid-19 រហូតដល់ ៣០ លានដុល្លារទៅ ៥០ លានដុល្លារ ប្រសិនបើរកឃើញថាមានពលរដ្ឋបន្ថែមទៀតដែលបានទទួលរងផលប៉ះពាល់ ដើម្បីធានាថាគ្មានប្រជាពលរដ្ឋណាមួយត្រូវបានស្លាប់ដោយសារគ្រោះអត់ឃ្លាននៅក្នុងវិបត្តិ Covid-19 នោះទេ។ នេះបើយោងតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រកាសអនុវត្តន៍កម្មវិធី ផ្តល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។
នៅក្នុងឱកាសនោះសម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចូនរួចទៅហើយនូវទឹកប្រាក់ចំនួន ១២៥ លានដុល្លារអាមេរិកទៅកាន់គោលដៅនានា សម្រាប់រយៈពេល ៥ខែ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលខ្វះខាតដោយសារជំងឺកូវីដ-១៩។ ជាមួយគ្នានេះសម្ដេចបានបន្តថា រដ្ឋាភិបាលនឹងបញ្ចេញថវិកាបន្តទៀត ប្រសិនបើការរាតត្បាតនៃវីរុសនេះនៅបន្តអូសបន្លាយ ហើយនឹងបញ្ឈប់នៅពេលដែលសភាពការណ៍នេះបានល្អប្រសើរ។

បន្ថែមពីនេះទៅទៀតសម្ដេចបានបញ្ជាក់បន្ថែមថា ប្រសិនបើរកឃើញពលរដ្ឋមានផលប៉ះពាល់បន្ថែមទៀត រដ្ឋអាចនឹងចំណាយពី ៣០ លាន ទៅ ៥០ លានដុល្លារបន្ថែមទៀត តែត្រូវធានាថាមិនអាចឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារការអត់ឃ្លាននោះទេ។ សូមជម្រាបផងដែរថា បើយោងតាមការគូសបញ្ជាក់របស់សម្ដេច ថវិកាចំណាយ ២៥ លានដុល្លារក្នុងមួយខែនេះ ក្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ តែបើកូវីដអូសបន្លាយការចំណាយអាចនឹងកើនឡើងដល់ ៣០ លានដុល្លារ ឬ លើសពីនេះ។ ហើយកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះទៀតសោត គឺជាជំនួយមិនមែនជាការចិញ្ចឹមនោះទេ ព្រោះប្រជពលរដ្ឋនៅមានលទ្ធភាពទៅរកការងារផ្សេងៗធ្វើនៅឡើយ៕

អត្ថបទ៖ លីនី
រូបភាព៖ ក្រសួងព័ត៌មាន


