រដ្ឋាភិបាលចិនបានផ្ដល់ជំនួយជាង ៧លានដុល្លារអាមេរិកដល់កម្ពុជាលើគម្រោងចំនួន ២០ ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់បណ្ដាប្រទេសមេគង្គ-ឡានឆាង។ ការផ្ដល់ជំនួយនេះធ្វើឡើងតាមរយៈ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២០ រវាងឯកឧត្ដម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និង ឯកឧត្តម ប្រាក់សុខុន នៅទីស្ដីការក្រសួងនាព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២០។
តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបង្ហាញថា ការផ្តល់មូលនិធិរបស់រដ្ឋាភិបាលចិននៅពេលនេះ គឺមានទឹកប្រាក់ចំនួន ៧,២២៥,៤០០.០០ដុល្លារអាមេរិក ដែលភាគច្រើនគ្របដណ្តប់ទៅលើសកម្មភាពនានា ពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចសង្គម អភិវឌ្ឍធនធានមនុស្ស សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត កសាងសមត្ថភាព ទេសចរណ៍ និងសេវាកម្ម បរិស្ថាន និងការការពារសម្បត្តិវប្បធម៌ ជាដើម ។

សូមបញ្ជាក់ផងដែរថា ដោយយោងតាមក្រសួងព័ត៌មាន ចាប់តាំងពីការចាប់ផ្តើមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កាលពីឆ្នាំ២០១៦ គម្រោងទាំងនេះ បានរួមចំណែកក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់បណ្តាប្រទេសមេគង្គ-ឡានឆាង តាមរយៈ ការបង្រួមគម្លាតនៃការអភិវឌ្ឍ ការពង្រឹងទំនុកចិត្តនិងការយោគយល់គ្នាទៅវិញទៅមក និងការពង្រឹងសមត្ថភាព ក្នុងការឆ្លើយតបឱ្យកាន់តែប្រសើរឡើង៕


ប្រភព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងព័ត៌មាន


