ត្រឹមរយៈពេល ៥ខែដំបូងនៃឆ្នាំនេះ ប្រជាជនសិង្ហបុរីនាំគ្នាបរិច្ចាគលុយបានចំនួន ៩០ លានដុល្លាជួយដល់រដ្ឋាភិបាលប្រឆាំងនឹងជំងឺ COVID-19
សេដ្ឋកិច្ច June 23, 2020 Chan Sreyny

រយៈពេល ៥ ខែដំបូងនៅក្នុងឆ្នាំនេះប្រជាជនសិង្ហបុរីបានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនសរុបបានចំនួន ៩០ លានដុល្លាអាមេរិកទៅកាន់មូលនិធិសហគមន៍ មូលនិធិរបស់ប្រទេសសិង្ហបុរី Sayang Sayang ដែលត្រូវបានបង្កើតឡើងកាលពីខែកុម្ភៈ និងវេទិកាបរិច្ចាកប្រាក់ដែលធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណេត Giving.sg​ ។

ចំនួនទឹកប្រាក់នេះគឺស្មើនឹង ទឹកប្រាក់ចំនួនមួយឆ្នាំពេញដែលបានបរិច្ចាគកាលពីឆ្នាំមុន នេះបើយោងតាមសេចក្ដីប្រកាសរួមគ្នារបស់ក្រសួងវប្បធម៌សហគមន៍និងយុវជន និងក្រសួងអភិវឌ្ឍន៍សង្គមនិងគ្រួសារ ក្នុងសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃច័ន្ទ (២២ មិថុនា) ។ ក្រសួងបានបន្ថែមទៀតថាមានមនុស្សជាង ១៣៣០០ នាក់បានចុះឈ្មោះជាអ្នកស្ម័គ្រចិត្តតាមរយៈ Giving.sg​ ក្នុងកំឡុងពេល ៥ ខែដំបូងនៃឆ្នាំ ២០២០ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមានត្រឹមតែ ១១៣០០ នាក់។

ទឹកប្រាក់ទាំងអស់នេះត្រូវបានបែងចែកទៅតាមមូលនិធិនីមួយៗដូចជា៖ ទឹកប្រាក់មួយចំនួនដែលបានផ្ដល់ជូនមូលនិធិសហគមន៍ ត្រូវបានប្រើប្រាស់ទៅលើបញ្ហា COVID-19 ។ ដោយឡែកទឹកប្រាក់មួយចំនួនទៀតដែលបានបែងចែកទៅឱ្យមូលនិធិ Sayang Sayang ត្រូវបានជួយសង្គ្រោះដល់គ្រួសារ និងមនុស្សចាស់ជរានៅក្នុងមជ្ឈដ្ឋានដែលងាយរងគ្រោះដោយជំងឺរាតត្បាត Covid-19 ។ ទឹកប្រាក់មួយចំនួនទៀតត្រូវបានផ្ដល់ជូនទៅខាងវេទិកា Giving.sg សម្រាប់ប្រើប្រាស់ដើម្បីជួយដល់ ជនចំណាកស្រុក កម្មក និងបុគ្គលិកសុខាភិបាល។

យោងតាមរដ្ឋមន្រ្តីក្រសួងវប្បធម៍សហគមន៍និងយុវជន លោកស្រី Grace Fu បាននិយាយថា « ទោះបីជាមានជំងឺរាតត្បាត COVID-19 ក៏ដោយក៏មិនបានធ្វើឱ្យស្មារតីនៃការយកចិត្តទុកដាក់របស់ប្រជាជននៅទីនេះមានការផ្លាស់ប្តូរនោះឡើយ ផ្ទុយទៅវិញវាបាននាំមកនូវអ្វីដែលល្អបំផុតចំពោះប្រទេសសិង្ហបុរី និងបានបង្ហាញថាមនុស្សជាច្រើននៅក្នុងសហគមន៍យកចិត្តទុកដាក់ចំពោះប្រទេសជាតិយ៉ាងខ្លាំង » ។ លោកស្រី Fu បានបន្ថែមទៀតថា យើងនឹងបន្តធ្វើបែបនេះទាំងអស់គ្នាដើម្បីប្រទេសសិង្ហបុរី និងចាប់ដៃគ្នាដើម្បីជំនះរាល់ឧបសគ្គ តាមរយៈការធ្វើដូច្នេះ យើងនឹងឆ្លងកាត់ដំណាក់កាលដ៏លំបាកនេះហើយលេចចេញជាសង្គមដ៏រឹងមាំ៕

អត្ថបទ៖ នីតា
ប្រភព៖ nationthailand