យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានឲ្យដឹងថា ការនាំចេញបន្លែ និងផ្លែឈើនៅក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះសម្រេចបានជាង ១.៥ ពាន់លានដុល្លារអាមេរិកបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនថយចុះ ១៤.៥%។ បើតាមប្រភពដដែលបានឲ្យដឹងថា ប្រទេសចិនគឺជាប្រទេសដែលនាំចូលបន្លែ និងផ្លែឈើពីវៀតណាមធំជាងគេ ដែលមានចំណែកប្រមាណ ៦០.៨%។
ជាមួយគ្នានេះ ការនាំចេញផលិតផលទាំងនោះទៅប្រទេសជិតខាងភាគនៅខាងជើងបានធ្លាក់ចុះ ២៩.២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែការនាំចេញទៅកាន់ទីផ្សារផ្សេងទៀតបានកើនឡើង ដោយប្រាក់ចំណូលពីការនាំចេញទៅកាន់ប្រទេសថៃបានកើនឡើងដល់ ៥៧.៨ លានដុល្លារក្នុងរយៈពេលនេះ កើនឡើង ២៤៤.១% និងសាធារណរដ្ឋកូរ៉េ ៥៤.៦ លានដុល្លារកើនឡើង ២៥.៤%។

ទន្ទឹមនឹងនេះដែរ ការនាំចេញទៅជប៉ុនកើនឡើង ៤៦.២ លានដុល្លារស្មើនឹង ២៦.៤% និងហូឡង់ ២៨ លានដុល្លារស្មើនឹង ២៨.៣%។ យ៉ាងណាមិញវៀតណាមក៏បានជំរុញឲ្យក្រុមហ៊ុនក្នុងស្រុកផលិត កែច្នៃ បន្លែផ្លែឈើសម្រាប់នាំចេញបន្ថែមទៀតផងដែរ ដោយការនាំចេញរំពឹងថា នឹងស្ទុះងើបឡើងវិញខ្លាំងនៅដំណាច់ឆ្នាំនេះ ក្រោយពេលដែលការរីករាលដាលនៃកូវីដ-១៩ អាចគ្រប់គ្រងបាន៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamnews


