ចិនហាមឃាត់សាច់មាន់ ដែលនាំចូលពីអាមេរិក និងបិទរោងចក្រ Pepsi ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩
សេដ្ឋកិច្ច June 22, 2020 Chan Sreyny

ចិន៖ រដ្ឋាភិបាលចិនបានសម្រេចបិទការនាំចូលសាច់មាន់ពីសហរដ្ឋអាមេរិក និងបិទក្រុមហ៊ុនផលិតភេសជ្ជៈ Pepsi ដែលមានមូលដ្ឋាននៅក្នុងក្រុងប៉េកាំង បន្ទាប់ពីអាជ្ញាធរសុខាភិបាលរកឃើញថាប្រភពផ្គត់ផ្គង់ចំណីអាហារ និងភេសជ្ជៈទាំង ២ នេះអាចជាប់ពាក់ព័ន្ធនឹងករណីផ្ទុះការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងទីក្រុងប៉េងកាំងកាលពីពេលថ្មីៗនេះ។

ក្រុមហ៊ុនអាមេរិកដែលជាអ្នកនាំផលិតផលសាច់មាន់ចូលក្នុងប្រទេសចិននោះមានឈ្មោះថា Tyson Foods ហើយកន្លងមកក្រុមហ៊ុនមួយនេះគឺជាអ្នកផ្គត់ផ្គង់ប្រភេទសាច់ក្លាសេប្រមាណជា ៧០% នៅក្នុងទីក្រុងប៉េកាំងទាំងមូល។

អាជ្ញាធរចិនបាននិយាយថា ការនាំចូលសាច់មាន់ក្លាសេពី Tyson Foods ត្រូវបានផ្អាកជាបណ្តោះអាសន្នបន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺ COVID-19 ដែលត្រូវបានរកឃើញនៅក្នុងរោងចក្ររបស់ក្រុមហ៊ុននៅអាមេរិកមួយនេះ​ ចំណែកផលិតដែលកំពុងមានវត្តមានស្រាប់នៅក្នុងប្រទេសចិនស្រាប់ក៏នឹងត្រូវអាជ្ញាធររឹបអូស។ បើយោងតាមសេចក្ដីរាយការណ៍របស់អ្នកនាំពាក្យក្រុមហ៊ុន PepsiCo បានឱ្យដឹងថា ក្រុមហ៊ុនផលិតអាហារ និងភេសជ្ជៈដ៏ធំមួយរបស់សហរដ្ឋអាមេរិក PepsiCo ត្រូវបានបញ្ជាឱ្យបិទរោងចក្រផលិតអាហារសម្រន់នៅទីក្រុងប៉េកាំង បន្ទាប់ពីរកឃើញបុគ្គលិកជាច្រើននាក់បានឆ្លងជំងឺ COVID-19 ។

បន្ថែមពីនេះកាលពីថ្ងៃសុក្រកន្លងទៅ ក្រុមមន្ត្រីក៏បានប្រកាសយុទ្ធនាការទូទាំងប្រទេស ដើម្បីពិនិត្យមើលរាល់ផលិតផលស្រស់ៗទាំងអស់ដែលបាននាំចូលមកពីប្រទេសដែលមានហានិភ័យខ្ពស់ បន្ទាប់ពីមានរបាយការណ៍បញ្ជាក់ថាបានរកឃើញអ្នកផ្ទុកជំងឺ COVID-19 នៅឯឃ្លាំងស្តុកទុកទំនិញនៅក្នុងប្រទេសអាឡឺម៉ង់ និងសហរដ្ឋអាមេរិក៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia