ទោះបីជាជំងឺ COVID-19 បានរាតត្បាតក៏ដោយ ថៃនៅតែអាចនាំចេញទុរេនទៅចិនក្នុងតម្លៃជាង ៦០០ លានដុល្លាក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ
សេដ្ឋកិច្ច June 20, 2020 Chan Sreyny

ផ្លែទុរេនរបស់ប្រទេសថៃ នៅតែជាផ្លែឈើដ៏ពេញនិយមបំផុតសម្រាប់ប្រជាជនចិន បើទោះបីជាមានជំងឺរាតត្បាត COVID-19 ក៏ដោយ។ នៅក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះថៃបាននាំចេញទុរេនទៅប្រទេសចិនដែលមានតម្លៃជិត ៦០០ លានដុល្លា។

យោងតាមក្រសួងពាណិជ្ជកម្មថៃ បានឱ្យដឹងថាការនាំចេញផ្លែធុរេនទៅប្រទេសចិនគិតត្រឹមខែមករា ដល់ ខែមេសា នេះមានការកើនឡើង ៧៨.០៥% បើធៀបទៅនឹងឆ្នាំមុន។ ប្រធានសមាគមន៍នាំចេញផ្លែទុរេន និងទទឹម លោក Panuwat Maikaew ក៏មានប្រសាសន៍ដែរថា ទីផ្សារនាំចេញទុរេនហាក់មានប្រជាប្រិយភាពខ្លាំង ទៅកាន់ប្រទេសចិននៅក្នុងឆ្នាំនេះទាំងទុរេនស្រស់ និងកក ប៉ុន្តែវាមានការរំខានក្នុងការដឹកជញ្ជូនដោយសារតែជំងឺ COVID-19 ។

លោកក៏បានបន្ថែមទៀតដែរថា លោកមានការព្រួយបារម្ភថាការរាតត្បាត់នៃជំងឺ COVID-19 អាចធ្វើឱ្យមានការប៉ះពាល់ដល់ការនាំចេញរបស់ស្ដេចផ្លែឈើមួយនេះ តែផ្ទុយទៅវិញវាមិនត្រឹមតែប៉ះពាល់តិចតួចនោះទេ ហើយការនាំចេញក៏បានកើនឡើងលើសពីការរំពឹងទុក បន្ទាប់ពីការនាំចេញក្នុងឆ្នាំនេះបានទទួលតម្លៃចាប់ពី ៤.២២ ដុល្លា ទៅ ៥ ដុល្លា ក្នុងមួយគីឡូបើធៀបទៅនឹងឆ្នាំមុនបានតម្លៃត្រឹមតែ ៣ ដុល្លា ទៅ ៤ ដុល្លា តែប៉ុណោះ៕

អត្ថបទ៖ នីតា
ប្រភព៖ thestar