កម្ពុជា – ចិនគ្រោងធ្វើពាណិជ្ជកម្មអង្ករ ដោយប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក ដើម្បីទទួលបានផលចំណេញពីអត្រាប្តូរប្រាក់
សេដ្ឋកិច្ច June 20, 2020 Chan Sreyny

យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា​បានឲ្យដឹងថា កាលពីថ្ងៃទីទី១៦ ខែមិថុនា ឆ្នាំ២០២០ សហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) បានពិភាក្សា​គ្នាជាមួយនឹងធនាគារជាតិនៃកម្ពុជាអំពីយន្តការនៃការជំរុញការទូទាត់ជាប្រាក់រៀល និង ពាណិជ្ជកម្មក្រៅប្រទេសជាប្រាក់យ៉ន់ (ចិន) ក្នុងការធ្វើពាណិជ្ជកម្មអង្ករជាមួយប្រទេសចិន។

កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងដោយមានវត្តមានរបស់លោកឧកញ៉ា ចាន់ សុឃាំង អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) និងជាប្រធានគណៈកម្មាធិការប្រតិបត្តិទទួលបន្ទុកផ្នែកវិនិយោគ និងហិរញ្ញវត្ថុរបស់ ស.អ.ក អមជាមួយនឹងលោក លន់ យ៉េង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ស.អ.ក បានទទួលជួបស្វាគមន៍ពិភាក្សាជាមួយនឹងធនាគារជាតិនៃកម្ពុជា ដែលមានវត្តមាន លោក ឡុង វិបុណ្យឫទ្ធ អនុប្រធាននាយកដ្ឋានគ្រប់គ្រងការប្តូរប្រាក់ នៃធនាគារជាតិនៃកម្ពុជា និងសហការី។

តាមរយៈឧកញ៉ា ចាន់ សុឃាំង គំនិតផ្តួចផ្តើមរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការសម្រួលការទូទាត់ពាណិជ្ជកម្មអង្ករក្រៅប្រទេស ពោលគឺជាមួយនឹងប្រទេសចិន ដែលជាជំហានដំបូងរបស់ធនាគារជាតិនៃកម្ពុជា គឺផ្តោតលើវិស័យកសិកម្មដែលជាពិសេសគឺវិស័យស្រូវអង្ករ។ លោកឧកញ៉ា បានបន្តថា ការជំរុញការទូទាត់ជាប្រាក់យ៉ន់ចិនដោយផ្ទាល់នេះ នឹងជួយសម្រួលដល់ដំណើរការ ក៏ដូចជាផ្តល់នូវភាពចំណេញនិងងាយស្រួលដល់ពាណិជ្ជករកម្ពុជានិងចិន និងអាចជួយពង្រីកទីផ្សារអង្ករកម្ពុជាទៅប្រទេសចិនបន្ថែមទៀត។ លើសពីនេះ ចំពោះការជំរុញការទូទាត់ជាប្រាក់រៀល គឺជាយន្តការបន្ទាប់សម្រាប់ទូទាត់ការទិញលក់ស្រូវអង្ករក្នុងស្រុកជាពិសេសជាមួយកសិករ។

ទន្ទឹមឹនងនេះដែរ តំណាងធនាគារជាតិនៃកម្ពុជា លោក ឡុង វិបុណ្យឫទ្ធ ក៏បានលើកឡើងផងដែរថា ការជំរុញការទូទាត់ពាណិជ្ជកម្មក្រៅប្រទេស ជាមួយប្រទេសចិន ជាប្រាក់យ៉ន់នេះ តបតាមការស្នើពីធនាគារកណ្តាលរបស់ប្រទេសចិន (Central Bank of China) ម្តងហើយម្តងទៀត លើការស្នើឱ្យកម្ពុជាសហការលើការទូទាត់រូបីយប័ណ្ណជាប្រាក់យ៉ន់លើពាណិជ្ជកម្មទ្វេភាគី ដើម្បីសម្រួលដល់ប្រតិបត្តិការ និងចំណេញដល់សេដ្ឋកិច្ច។

ប៉ុន្តែទោះជាយ៉ាងនេះក្ដី សហព័ន្ធស្រូវអង្ករកម្ពុជា បានជាសំណូមពរទៅកាន់ធនាគារជាតិជួយសម្របសម្រួលលើអត្រាប្តូរប្រាក់ (Exchange Rate) ដែលជាការព្យាករណ៍ (forecast fixed exchange rate) រវាងប្រាក់រៀលកម្ពុជា និង ប្រាក់យ៉ន់របស់ចិនឱ្យបានមុនមួយខែម្តង ព្រោះនេះជាឧបសគ្គធំមួយក្នុងការធ្វើពាណិជ្ជកម្មក្រៅប្រទេស បើសិនយើងចង់ឱ្យមានការចរាចរ និងទូទាត់ជាប្រាក់យ៉ន់ចិន។

ជាលទ្ធផលនៃកិច្ចប្រជុំ ធនាគារជាតិនៃកម្ពុជា ទទួលយកសំណូមពរពី ស.អ.ក ក្នុងការស្នើឱ្យជួយសម្របសម្រួលលើអត្រាប្តូរប្រាក់យ៉ន់ ជាមួយនឹងធនាគារកណ្តាលចិន ទៅពិភាក្សាបន្ត ហើយ ស.អ.ក ក៏នឹងបន្តសហការយ៉ាងជិតស្និទ្ធ ក្នុងការផ្តល់នូវព័ត៌មាន ឬទិន្នន័យផ្សេងៗទៅធនាគារជាតិ ដើម្បីអាចធ្វើយ៉ាងណាឱ្យយន្តការជំរុញការទូទាត់ពាណិជ្ជកម្មជាមួយនឹងប្រទេសចិន ជាប្រាក់យ៉ន់ នៅដំណាក់កាលដំបូងនេះ ដើម្បីអាចចេញជាផ្លែផ្កានាពេលខាងមុខ។

ជាមួយគ្នានេះលោក លន់ យ៉េង បានផ្តល់មតិយោបល់ ចំពោះយន្តការនេះថា គួររៀបចំព្រឹត្តិការណ៍ចុះអនុស្សរណៈយោគយល់គ្នា (MoU) ឬព្រឹត្តិការណ៍ប្រកាសនៃការចាប់ផ្តើមទូទាត់ប្រាក់យ៉ន់ ដោយចាប់ផ្តើមពីពាណិជ្ជកម្មអង្ករមុនគេ ដែលអាចអញ្ជើញធនាគារកណ្តាលទាំងពីរ (កម្ពុជា និងចិន) និងធនាគារពាណិជ្ជដែលជាអ្នកអនុវត្តចូលរួមក្នុងព្រឹត្តិការណ៍នេះ។ តបតាមការលើកឡើងនេះ ខាងធនាគារជាតិកម្ពុជាបានបង្ហាញថាប្រហែលនឹងអាចមានពិធី នៅពេលដែលកម្ពុជារៀបចំកិច្ចប្រជុំអាស៊ីអឺរ៉ុប ខាងមុខដែលអាចមានការចូលរួមដោយថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំងពីរ៕

ប្រភព៖ សហព័ន្ធស្រូវអង្ករកម្ពុជា​