ការស្ទង់មតិមួយបានបង្ហាញថា ជនជាតិជប៉ុននៅបរទេសកំពុងប្រឈមនឹងបញ្ហាលុយកាក់ក្នុងពេលមានរោគរាតត្បាត Covid-19
សេដ្ឋកិច្ច June 19, 2020 Chan Sreyny

យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុនជប៉ុន Locotabi បានរកឃើញថា ជនជាតិជប៉ុនជាច្រើនដែលកំពុងរស់នៅឯបរទេសរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាត covid-19 ពោលគឺប្រឈមនឹងបញ្ហាលុយកាក់។ ការស្ទង់មតិរបស់ក្រុមហ៊ុននេះបានធ្វើឡើងកាលពីដើមខែមិថុនានេះ ដោយមានប្រជាជនជប៉ុនប្រមាណ ៤៤,០០០ នាក់ដែលរស់នៅក្រៅប្រទេស។ ជាក់ស្ដែងប្រជាជនសរុបចំនួន ២,១៥៥ នាក់មកពី ៩៤ ប្រទេស និងតំបន់នានាបានឆ្លើយតបនឹងការស្ទង់មតិនេះ។

តាមរយៈការស្ទង់មតិនេះបានរកឃើញថា ជិតពាក់កណ្ដាលនៃអ្នកឆ្លើយតបសុទ្ធតែរងផលប៉ះពាល់ធ្លាក់ចុះប្រាក់ចំណូល ដោយ ២៤% ក្នុងចំណោមពួកគេធ្លាក់ចុះនៃប្រាក់ចំណូល ៥០% និងច្រើនជាងនេះ។ ខណៈ ១១.៦% បាននិយាយថា ប្រាក់ចំណូលរបស់ពួកគេបានធ្លាក់ចុះ ២០% ទៅ ៥០%។ ជាមួយគ្នានេះការស្ទង់មតិក៏បានបង្ហាញថា ជាងពាក់កណ្ដាលនៃអ្នកដែលរស់នៅ អាមេរិកខាងជើង និងអូសេអានីបាននិយាយថា ពួកគេបានទទួលសំណងពីអាជ្ញាធរមូលដ្ឋាន។

ដោយឡែក ៦៩% នៃប្រជាជនអាស៊ីដែលរស់នៅក្នុងទ្វីបអាស៊ីបាននិយាយថា ពួកគេមិនរំពឹងថានឹងមានជំនួយពីរដ្ឋាភិបាលទេ ហើយពួកគេក៏បានត្អូញត្អែរថា មិនទទួលបានប្រាក់ចំណូលទាល់តែសោះ និងមិនមានប្រាក់សម្រាប់ទិញម្ហូបអាហារទៀតផង។លើសពីនេះទៅទៀត ការស្ទង់មតិនេះបានរកឃើញថា ជនជាតិជប៉ុនជាច្រើនកំពុងស្ថិតក្នុងស្ថានភាពលំបាក ហើយនឹងរឹតតែអាក្រក់ទៅៗ ដោយប្រជាជនជប៉ុនដែលកំពុងតស៊ូនៅក្នុងប្រទេសផ្សេងទៀតគួរតែត្រូវបានផ្តល់ជំនួយ។ យ៉ាងណាមិញយោងតាមក្រសួងការបរទេស ប្រជាជនជប៉ុនប្រមាណ ១.៣៩ លាននាក់កំពុងរស់នៅក្រៅប្រទេសជប៉ុន ប៉ុន្តែគេមិនបានស៊ើបអង្កេតថាតើពួកគេកំពុងរងផលប៉ះពាល់ដោយរោគរាតត្បាតយ៉ាងដូចម្តេចទេ៕

អត្ថបទ៖ លីនី
ប្រភព៖ nhk

ជនជាតិជប៉ុននៅបរទេសប្រឈមនឹងបញ្ហាលុយកាក់ពេលមានរោគរាតត្បាត