ក្រុងព្រះសីហនុ នឹងប្រែមុខមាត់ថ្មី ក្លាយជាប៉ូលអភិវឌ្ឍជាតិ ក្រោយការសាងសង់ហេដ្ឋារចនាសម័ន្ធទ្រង់ទ្រាយធំរួចរាល់
សេដ្ឋកិច្ច June 19, 2020 Chan Sreyny

ក្រុងព្រះសីហនុនឹងប្រែមុខមាត់ថ្មី ក្លាយជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ក្រោយការសាងសង់ហេដ្ឋារចនាសម័ន្ធទ្រង់ទ្រាយធំ ដោយរាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាប្រមាណជិត ៣០០ លានដុល្លារ។ ក្នុងនោះផ្លូវចំនួន ៣៤ ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតនឹងជួយលើកសម្រស់ រួមទាំងទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនបន្ថែមទៀត​។

រដ្ឋាភិបាលកម្ពុជា បានកំណត់ផែនការក្នុងការរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីក្នុងខេត្តព្រះសីហនុតាមចក្ខុវិស័យឆ្នាំ២០៣០ គឺរៀបចំ និងអភិវឌ្ឍខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង ច្រកចេញចូលអន្តរជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើបនាពេលខាងមុខ។

សូមជម្រាបផងដែរថា ផ្លូវចំនួន ៣៤ខ្សែនៅក្នុងក្រុងព្រះសីហនុបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩​ ដោយថ្នល់នូវក្រុងព្រះសីហនុបានរងការខូចខាតធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែការដឹកជញ្ជូនធ្ងន់ៗជាញឹកញាប់នៅពេលដែលវិស័យអចលនទ្រព្យ និងវិស័យសំណង់មានការរកចម្រើននៅក្នុងក្រុងជាប់មាត់សមុទ្រមួយនេះ។ ជាមួយគ្នានេះដែរគិតមកទល់ពេលនេះការស្ថាបនាមានរយៈពេលជាង ៦ខែ ដោយជាលទ្ធផលសម្រេចបានជាង ៩០% ជាមួយការខិតខំស្ថាបនាទាំងយប់ទាំងថ្ងៃ៕

អត្ថបទ៖ លីនី