រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក Simon Birmingham បាននិយាយកាលពីថ្ងៃពុធ ទី ១៧ ខែមិថុនានេះថា ប្រទេសអូស្ត្រាលីទំនងជាបិទច្រកព្រំដែនរបស់ខ្លួនចំពោះភ្ញៀវទេសចរអន្តរជាតិ រហូតដល់ឆ្នាំក្រោយ ប៉ុន្តែប្រទេសមួយនេះនឹងបន្ធូរបន្ថយច្បាប់ចូលមកក្នុងប្រទេសសម្រាប់និស្សិតអន្តរជាតិ និងភ្ញៀវទេសចរដែលស្នាក់នៅរយៈពេលយូរ។ ប្រទេសអូស្ត្រាលី បានទទួលជោគជ័យដ៏ធំមួយក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 នៅក្នុងប្រទេស ដោយការគ្រប់គ្រងការចេញចូលរបស់ភ្ញៀវទេសចរអន្តរជាតិ និងការរក្សាគម្លាតពីគ្នារបស់ប្រជាពលរដ្ឋនៅក្នុងសង្គម។

លោក Brimingham ក៏បានបញ្ជាក់ដែរថា ច្បាប់ដាច់ដោយឡែកសម្រាប់ការវិលត្រឡប់របស់ប្រជាពលរដ្ឋអាចត្រូវបានអនុវត្តចំពោះនិស្សិតអន្តរជាតិ និងភ្ញៀវដទៃទៀតដែលមានគម្រោងស្នាក់នៅរយៈពេលយូរ។ ពួកគេត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកចំនួន ១៤ ថ្ងៃដើម្បីធានាសុវត្ថិភាពក្នុងការវិលត្រឡប់ទៅទីក្រុង នៃប្រទេសអូស្ត្រាលីវិញ។ ការវិលត្រលប់របស់និស្សិតអន្តរជាតិ បានជំរុញដល់ការលើកស្ទួយផ្នែកហិរញ្ញវត្ថុដែលប្រឈមមុខនឹងការខាតបង់ដោយសារការបិទប្រទេស ខណៈដែរវិស័យអប់រំអន្តរជាតិគឺជាប្រភពចំណូលដ៏សំខាន់ទី ៤ ដែលអាចរកប្រាក់ចំណូលបានជាង ៣៨ ពាន់លានដុល្លារអូស្ត្រាលី (២៦,១៤ ពាន់លានដុល្លារ) ក្នុងមួយឆ្នាំ។

ក្នុងរយៈពេលជាងមួយខែក្រោយនេះប្រទេសអូស្ត្រាលី បានកត់សម្គាល់ឃើញថាការកើនឡើងនៃជំងឺ COVID-19 ភាគច្រើនគឺប្រជាពលរដ្ឋដែលរស់នៅក្នុងរដ្ឋ Victoria ដែលជារដ្ឋមានប្រជាជនច្រើនបំផុតទី ២ ។ គួរបញ្ជាក់ផងដែរថាប្រទេសអូស្ត្រាលី បានរកឃើញករណីឆ្លងជំងឺ COVID-19 ជាង ៧៣០០ ករណីហើយមនុស្ស ១០២ នាក់បានស្លាប់៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia


