អាកាសយានដ្ឋានថៃ៖ ចំនួនអ្នកដំណើរ និងប្រាក់ចំណូលនឹងធ្លាក់ចុះ ៥០% នៅឆ្នាំ ២០២០នេះ ដោយសារវិបត្តិ Covid-19
សេដ្ឋកិច្ច June 19, 2020 Chan Sreyny

អាកាសយានដ្ឋាននៃប្រទេសថៃ (AoT) រំពឹងថាចំនួនអ្នកដំណើរ និងប្រាក់ចំណូលនឹងធ្លាក់ចុះ ៥០% នៅឆ្នាំ ២០២០ ដោយសារវិបត្តិនៃវីរុសកូរ៉ូណា។ (AoT) ដែលគ្រប់គ្រងអាកាសយានដ្ឋានចំនួន ៦ រួមមានទាំងអាកាសយានដ្ឋានសុវណ្ណភូមិនៅទីក្រុងបាងកក កាលពីថ្ងៃពុធបានព្យាករណ៍ពីការធ្លាក់ចុះប្រាក់ចំណូល ៥០.៧% សម្រាប់ឆ្នាំសារពើពន្ធ ២០២០ បើធៀបនឹងឆ្នាំមុនៗ និងធ្លាក់ចុះ ៤២.២% នៅឆ្នាំ២០២១។

យ៉ាងណាមិញគេរំពឹងថា ប្រសិនបើវ៉ាក់សាំងអាចត្រូវបានបង្កើតឡើង និងដាក់ឲ្យប្រើប្រាស់នៅខែកក្កដាឆ្នាំក្រោយ សេដ្ឋកិច្ចថៃអាចនឹងចាប់ផ្ដើមងើបឡើងវិញនៅខែមករា ឆ្នាំ២០២២ ហើយបន្ទាប់មកបរិមាណចរាចរណ៍ផ្លូវអាកាសអាចនឹងវិលមករកកម្រិតធម្មតាវិញនៅខែតុលាឆ្នាំនោះ។ បន្ថែមពីនេះ នៅឆ្នាំ ២០២៣ ចំនួនអ្នកដំណើរនឹងឡើងដល់ ១៤៤.២ លាន និងជើងហោះហើរចំនួន ៩០២,០០០ ដែលខ្ពស់ជាងកម្រិតមុនពេលមានវិបត្តិ។

គួរឲ្យដឹងផងដែរថា ការព្យាករណ៍របស់ (AoT) គឺផ្អែកលើការសន្និដ្ឋានថាការឆ្លងមេរោគ Covid-19 រលកទី២ នៅតែវាយប្រហារប្រទេសផ្សេងៗ ដែលមានគោលដៅធ្វើកិច្ចព្រមព្រៀងទ្វេភាគីលើវិស័យទេសចរណ៍ «travel bubble» ជាមួយប្រទេសថៃ។ ទន្ទឹមនឹងនេះដែរ (AoT) ក៏បានរំពឹងថា ការធ្វើដំណើរក្នុងស្រុកនឹងងើបឡើងវិញនៅខែសីហាឆ្នាំនេះ ហើយឈានដល់កម្រិតធម្មតានៅខែតុលា ឆ្នាំ២០២២ បន្ទាប់ពីកញ្ចប់ជំរុញទេសចរណ៍ក្នុងស្រុកមួយបានអនុម័តកាលពីអង្គារ ដែលមានតម្លៃ ២២.៤ ពាន់លានបាត៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost