កោះតៃវ៉ាន់ត្រៀមខ្លួនជាស្រេចក្នុងការបើកព្រំដែនឡើងវិញ សម្រាប់ប្រទេសដែលមានហានិភ័យឆ្លងជំងឺ COVID-19 ទាប
សេដ្ឋកិច្ច June 17, 2020 Chan Sreyny

កោះតៃវ៉ាន់ បានត្រៀមខ្លួនជាស្រេចក្នុងការបើកព្រំដែនឡើងវិញនៅសប្ដាហ៍ក្រោយនេះ សម្រាប់អ្នកជំនួញដែលមកពីប្រទេសមួយចំនួនដែលមានហានិភ័យទាបពីការឆ្លងជំងឺ​ COVID-19។ រាល់អ្នកដំណើរដែលចូលមកកោះតៃវ៉ាន់ ត្រូវតែពិនិត្យសុខភាព និងត្រូវដាក់នៅដាច់ដោយឡែករយៈពេល ១៤​ថ្ងៃ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងព្រំដែន និងកាពារពីការរីករាលដាលនៃជំងឺរាតត្បាតមួយនេះ។

គួររំលឹកផងដែរថា កោះតៃវ៉ាន់មានករណីឆ្លងជំងឺ​ COVID-19 ចំនួន ៤៤៥ ករណី ដែលភាគច្រើនឆ្លងមកពីក្រៅប្រទេស ហើយមានតែ ៧នាក់ ប៉ុណ្ណោះដែលបានស្លាប់។ នាពេលបច្ចុប្បន្ឋ ចំនួនអ្នកជំងឺនៅសល់តែ ៤ ករណីប៉ុណ្ណោះ។ ដូចនេះហើយបានជាទីក្រុងមួយនេះ មិនត្រូវបានបិទទ្វារទីក្រុងនោះទេ ហើយពួកគេរស់នៅ និងប្រកបមុខរបរជាធម្មតា ដោយសារតែមានការបង្ការ និងមានប្រព័ន្ធពិនិត្យសុខភាពត្រឹមត្រូវ។

ទោះបីជាគ្មានករណីឆ្លងធ្ងន់ធ្ងរក៏ដោយ ក៏កោះតៃវ៉ាន់នៅតែមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកព្រំដែនរបស់ខ្លួនដល់ជនបរទេស ដោយព្រំដែនត្រូវបានបិទសម្រាប់ប្រទេសមួយចំនួនដែលមានហានីភ័យខ្ពស់ចាប់តាំងពីពាក់កណ្ដាលខែមីនា មកម្លេះ។​ មជ្ឈមណ្ឌលបញ្ជាការការពារការរាតត្បាតកណ្តាលរបស់កោះតៃវ៉ាន់បាននិយាយថា ពួកគេនឹងចាប់ផ្ដើមបើកព្រំដែននៅថ្ងៃច័ន្ទ ទី២២ ខែមិថុនា ដែលអនុញ្ញាតឱ្យអ្នកជំនួញមកពីតំបន់មួយចំនួនដូចជា​ប្រទេស៖ ញូវែលសេឡង់ អូស្រ្តាលី វៀតណាម ថៃ កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី ហុងកុង និងម៉ាកាវជាដើម៕


អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia