ហ្វីលីពីន បង្ខំចិត្តបើកដំណើរការអាជីវកម្មឡើងវិញ ដោយសារសេដ្ឋកិច្ចធ្លាក់ចុះ ហើយអត្រាអត់ការងារធ្វើក៏កើនឡើង
សេដ្ឋកិច្ច June 17, 2020 Chan Sreyny

ហ្វីលីពីន៖ បន្ទាប់ពីចាក់សោរប្រទេសអស់រយៈពេលជិត ៣ខែ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19 ឥឡូវនេះប្រទេសហ្វីលីពីនបានត្រលប់មកចាប់ផ្ដើមដំណើរការអាជីវកម្មវិញដោយអនុញ្ញាតឱ្យភោជនីយដ្ឋានបើកដំណើរការវិញនៅសប្តាហ៍នេះសម្រាប់អតិថិជនទទួលទានអាហារពេលថ្ងៃត្រង់ ក្នុងគោលបំណងដើម្បីរក្សាការងាររបស់បុគ្គលិក។

គួរម្លឹកថា ទីក្រុងម៉ានីលបានស្ថិតនៅក្រោមការជាប់គាំងចាប់តាំងពីថ្ងៃទី ១៦ ខែមីនា ប៉ុន្តែការរឹតត្បិតនានាត្រូវបានបន្ធូរបន្ថយចាប់តាំងពីថ្ងៃទី១ ខែមិថុនា បន្ទាប់ពីព្យាករណ៍ឃើញថាសេដ្ឋកិច្ចរងផលប៉ះពាល់ ហើយអត្រាអត់ការងារធ្វើនៅខែមេសាឡើងដល់ចំនួន ១៧.៧%។ យ៉ាងណាមិញបើទោះបីជាភោជនីយដ្ឋាន ត្រូវបានអនុញ្ញតឲ្យបើកដំណើរការវិញក៏ដោយ ក៏ពួកគេត្រូវគោរពតាមវិធានការណ៍សុវត្ថិភាពរបស់រដ្ឋាភិបាលផងដែរ។

បន្ថែមពីនេះរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក Ramon Lopez បានមានប្រសាសន៍ថា មធ្យោបាយតែមួយគត់ដើម្បីធ្វើឱ្យសេដ្ឋកិច្ចដំណើរការទៅមុខដោយមិនប្រថុយនឹងការផ្ទុះឡើងនៃវីរុសបន្ថែមទៀតនោះ គឺការបើកដំណើរការភោជនីយដ្ឋាន ហាងកាត់សក់និងផ្សារទំនើប តែត្រូវកំណត់វិធានការទប់ស្កាត់ការរីករាលដាលនៃវីរុសឲ្យបានតឹងរឹង។

ទោះបីជាយ៉ាងនេះក្ដីលោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីនបាននិយាយកាលពីថ្ងៃច័ន្ទថា ការរឹតបន្តឹងមួយចំនួននឹងនៅតែមាននៅក្នុងទីក្រុងម៉ានីលសម្រាប់រយៈពេលពីរសប្តាហ៍ទៀត ដោយសារការគំរាមកំហែងនៃការឆ្លងរាលដាលនៅតែបន្តកើតមាន។ ហើយការរឹតបន្តឹងទាំងនេះរួមបញ្ចូលទាំងការហាមឃាត់ការប្រមូលផ្តុំ និងការលេងកីឡា ការហាមឃាត់ផ្នែកខ្លះនៃការដឹកជញ្ជូនសាធារណៈ និងច្បាប់តម្រូវឲ្យមនុស្សចាស់សនាក់នៅក្នុងផ្ទះ។

គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះប្រទេសហ្វីលីពីនបានរាយការណ៍ថា ពីចំនួនអ្នកឆ្លងវីរុស Covid-19ចំនួន ២៦,៧៨១ នាក់ និងអ្នកស្លាប់ ១,១០៣ ខណៈតួលេខអ្នកស្លាប់នេះ បានធ្វើឲ្យហ្វីលីពីនក្លាយជាប្រទេស ដែលមានចំនួនអ្នកស្លាប់ខ្ពស់បំផុតទី៣ នៅអាស៊ីបូព៌ាបន្ទាប់ពីប្រទេសចិន និងឥណ្ឌូនេស៊ី៕

អត្ថបទ៖ លីនី
ប្រភព​៖ .channelnewsasia