លោក ដូណាល់ ត្រាំ កំពុងរៀបចំកញ្ចប់ថវិកាសម្រាប់ហេដ្ឋារចនាសម្ព័ន្ធរហូតដល់ទៅ ១ ទ្រីលានដុល្លាដោយផ្ដោតលើគម្រោងដឹកជញ្ជូនដែលជាផ្នែកមួយនៃការជំរុញសេដ្ឋកិច្ចដ៏ធំបំផុតរបស់ពិភពលោកឱ្យងើបឡើងវិញ។ នេះបើយោងតាមសារព័ត៌មានរបស់ CNA ដែលបានចុះផ្សាយកាលពីថ្ងៃអង្គារកន្លងទៅនេះ។
តាមប្រភពដដែលបានឲ្យដឹងថា លោក ដូណាល់ ត្រាំ បានបញ្ចេញកញ្ចប់ទឹកប្រាក់កសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងគោលបំណងជំរុញសេដ្ឋកិច្ចដើម្បីជំរុញដល់ចក្ខុវិស័យនយោបាយរបស់គាត់ បន្ទាប់ពីមានការរិះគន់ពីការចាត់ចែងការរាលដាលនៃមេរោគឆ្លង Covid-19 និងការឆ្លើយតបចំពោះការតវ៉ាបន្ទាប់ពីការស្លាប់របស់បុរសស្បែកខ្មៅម្នាក់នៅ Minneapolis ដែលបានបង្កឱ្យមានការតវ៉ានៅទូទាំងសហរដ្ឋអាមេរិក។

បន្ថែមពីនេះនៅពេលដែលសេដ្ឋកិច្ចកំពុងងើបឡើងវិញយឺតៗ ពីការបិទទ្វារជិតពីរខែកន្លងមកដើម្បីទប់ស្កាត់ការរីករាលដាលនៃ COVID-19 លោក ដូណាល់ ត្រាំ ក៏កំពុងពិនិត្យមើលវិធានការដើម្បីចាប់ផ្តើមបង្កើតការងារដល់ប្រជាពលរដ្ឋឡើងវិញផងដែរ។

គួរបញ្ជាក់ឱ្យដឹងថា ថវិកាមួយចំនួននឹងផ្ដល់ជូន មន្ទីរដឹកជញ្ជូនសម្រាប់គម្រោងដូចជា ធ្វើផ្លូវថ្នល់ និងស្ពាន ប៉ុន្តែថវិកាមួយភាគបួននៃថវិកាសរុប គឺទុកសម្រាប់ការតភ្ជាប់អ៊ីនធឺណេត 5G និងបណ្ដាញអ៊ីនធឺណេតនៅតាមជនបទ។ ជាមួយគ្នានេះដែរសេតវិមានក៏បានស្នើឱ្យចាត់វិធានការលើការដឹកជញ្ជូននៅក្នុងសហរដ្ឋអាមេរិក ដែលសំណើរគ្រោងនឹងដាក់ចេញនៅដើមសប្ដាហ៍ក្រោយ៕
អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia


