យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃនេះ បានឱ្យដឹងថា វិនិយោគិនចិនគ្រោងបង្កើតរោងចក្រកែច្នៃអំបិលនៅខេត្តកំពត-កែប ដើម្បីបំពេញតម្រូវការទំាងទីផ្សារអំបិលក្នុងស្រុក និងការនាំចេញ។
លោក ប៊ុន បារាំង ប្រធានសហគមផលិតអំបិលខេត្តកំពត បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ក្រុមហ៊ុនរបស់ប្រទេសចិនបានត្រៀមចុះសិក្សាពីគម្រោងបង្កើតរោងចក្រនេះហើយប៉ុន្តែមិនទាន់ប្រកាសជាសាធារណៈនៅឡើយទេ ដោយរងចាំស្ថានភាពជម្ងឺកូវីដ-១៩ ស្ងប់ស្ងាត់សិន។

ទន្ទឹមនឹងនេះ លោកបានបញ្ជាក់ថា គម្រោងបង្កើតរោងចក្រកែច្នៃអំបិលមានសារៈសំខាន់ណាស់ ដើម្បីជំរុញការផលិតអំបិលនៅកម្ពុជាឲ្យកាន់តែមានគុណភាព ឆ្លើយតបតាមតម្រូវការទីផ្សារ ខណៈបច្ចុប្បន្នរោងចក្រផលិតអំបិលនៅខេត្តកំពតមានសភាពចាស់ទ្រុឌទ្រោមផលិតមិនទាន់តម្រូវការ។ ហើយលោក សង្ឃឹមនិងជឿជាក់ថា ក្រោយបញ្ចប់កូវីដ១៩ រោងចក្រមួយនេះអាចនឹងមានវត្តមាននៅលើទឹកដីកម្ពុជា។

សូមបញ្ជាក់ថា បច្ចុប្បន្នក្រុមផលិតអំបិលមានចំនួន២០០ក្រុមសាមគ្គីហើយចែកចេញជា៧មណ្ឌល គឺមាន នៅក្នុងស្រុកទឹកឈូ ក្រុងកំពត សេះស ស្រុកកំពុងត្រាច និងកែប។ ក្នុងមួយឆ្នាំកម្ពុជាត្រូវការអំបិលប្រមាណ១០ម៉ឺនតោនសម្រាប់ប្រើប្រាស់ក្នុងស្រុក។
ប្រភព៖ ក្រសួងព័ត៌មាន


