ប្រទេសចិនបានក្លាយជាទិសដៅដ៏សំខាន់សម្រាប់ការនាំចេញផ្លែឈើពីអាស៊ាន ដោយមានខេត្ត Guangxi, Guangdong, Yunnan និង Hunan នៅភាគខាងត្បូងដែលបានក្លាយជាទីផ្សារសំខាន់ដោយតំបន់ទាំង ៤នេះ កំពុងធ្វើពាណិជ្ជកម្មយ៉ាងជិតស្និតជាមួយបណ្ដាប្រទេសអាស៊ីអាគ្នេយ៍។
យោងតាមសភាពាណិជ្ជកម្មចិនបានបង្ហាញថា កាលពីឆ្នាំ២០១៩ ប្រទេសចិនបាននាំចូលផ្លែឈើចំនួន ៦.៨៣ លានតោនកើនឡើង ២៤% ហើយគិតជាទឹកប្រាក់ស្មើនឹង ៩.៥ ពាន់លានដុល្លារកើនឡើង ២៥% ធៀបនឹងឆ្នាំ២០១៨។ ជាមួយគ្នានេះប្រទេសថៃគឺជាប្រទេសដែលនាំចេញទៅកាន់ប្រទេសចិនធំជាងគេ បន្ទាប់មកឈីលី ហ្វីលីពីន វៀតណាម និងនូវែលសេឡង់។

ដោយឡែកបើនិយាយពីប្រភេទផ្លែឈើវិញ ផ្លែទុរេនថៃទទួលបានបរិមាណនាំចេញធំជាងគេ ដែលស្មើនឹងប្រមាណពាក់កណ្តាលនៃការនាំចេញផ្លែឈើទាំងអស់ទៅប្រទេសចិនបន្ទាប់មក គឺផ្លែមៀន មង្ឃុត និងដូង។ ពាណិជ្ជកម្មប្រកបដោយផ្លែផ្កានេះ ត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀត ដោយសារការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីមានឈ្មោះថា «Fruit Express Line» របស់ក្រុមហ៊ុន Liaoning Port Group ដែលប្រតិបត្តិដោយក្រុមហ៊ុនដឹកជញ្ជូន Cosco Shipping៕

ប្រភព៖ bangkokpost
អត្ថបទ៖ លីនី


