ប្រជាជននៅទីក្រុងឡុងដ៍ បានតម្រង់ជាជួរដ៏វែងដើម្បីរងចាំទិញឥវ៉ាន់នៅតាមបណ្ដាហាងមួយចំនួនដែលចាប់ផ្ដើមបើកឡើងវិញ បន្ទាប់ពីបានបិទទ្វារអស់រយៈពេល ៣ ខែកន្លងមកនេះ។ យោងតាមសារព័ត៌មាន NHK បានឱ្យដឹងថា ម្ចាស់ហាងទំនិញ បានធ្វើការសាទរដល់អតិថិជនដើម្បីអបអរសាទរចំពោះការបើកដំណើរការឡើងវិញ។
ទោះបីជាមានការបើកដំណើរការឡើងវិញក៏ដោយ ប៉ុន្តែតាមបណ្ដាហាងនានាត្រូវគោរពតាមគោលការណ៍ណែនាំរបស់ក្រសួង ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងវីរុស រួមបញ្ចូលទាំងការលាងសម្អាតដៃ ការពាក់ម៉ាស់ និងការរក្សាចម្ងាយពីគ្នា។

ទន្ទឹមនឹងនេះ អតិថិជនមួយចំនួនមានការអន្ទះសារក្នុងការទិញទំនិញដែលពួកគេមិនបានទិញអស់រយៈពេលយ៉ាងយូរមកហើយ។ ក្រោយពីការបើកដំណើរការហាងនានាហាក់មានសន្ទុះឡើងវិញនោះ រដ្ឋាភិបាលចក្រភពអងគ្លេសបានរំពឹងថានឹងអនុញ្ញាតឱ្យភោជនីយដ្ឋាន និងហាងថែរក្សាសម្ផស្សបើកដំណើរការឡើងវិញនៅដើមខែក្រោយ៕


អត្ថបទ៖ នីតា
ប្រភព៖ nhk


