រដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ី កំពុងពិចារណាបើកច្រកព្រំដែនសម្រាប់អ្នកទេសចរ ដែលមកពីប្រទេសចិន សាធារណរដ្ឋកូរ៉េ ជប៉ុន និងអូស្ត្រាលីដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានតាមវីដេអូនៅថ្ងៃទី១២ ខែមិថុនា កន្លងទៅនេះ របស់ក្រសួងសម្របសម្រួលនិងវិនិយោគកិច្ចការតំបន់សមុទ្រ លោក Odo Manuhutu បាននិយាយថាឥណ្ឌូណេស៊ីកំពុងរៀបចំច្រករបៀងទេសចរណ៍សម្រាប់ប្រទេសទាំង ៤ ។
ទន្ទឹមនឹងនេះ ប្រធានសមាគមសណ្ឋាគារនិងភោជនីយដ្ឋានឥណ្ឌូនេស៊ី លោក Hariyadi B. Sukamdani មានប្រសាសន៍ថា វិស័យទេសចរណ៍ឥណ្ឌូណេស៊ីបានខាតបង់យ៉ាងហោចណាស់ ១.៥ ពាន់លានដុល្លារក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២០ ដោយសារជំងឺរាតត្បាត។ ខណៈនេះរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុន Moody’s investors service បានបង្ហាញថាការរីករាលដាលនៃវីរុសនឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចថយចុះគួរឱ្យកត់សម្គាល់ ដែលនឹងជះឥទ្ធិពលដល់ហិរញ្ញវត្ថុរបស់ខ្លួនលើវិស័យអាជីវកម្មសំខាន់ៗជាច្រើនជាពិសេសវិស័យទេសចរណ៍។

យ៉ាងណាមិញ រដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ីមិនបានបញ្ជាក់អំពីពេលវេលាដែលនឹងត្រូវបើកនោះទេ ដោយបានអះអាងថាសកម្មភាពទេសចរណ៍នឹងត្រូវបានពិនិត្យសុខភាពយ៉ាងតឹងរឹង៕
អត្ថបទ៖ នីតា
ប្រភព៖ vietnamplus


