បន្ទាប់ពីឃើញទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងការដាំដុះដំណាំកសិកម្មដែលកំពុងតែកកស្ទះក្នុងការនាំចេញ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះជួយអន្តរាគមន៍ស្វែងរកទីផ្សារកសិផលមួយចំនួនដែលកំពុងកកស្ទះ ជាពិសេសមៀនប៉ៃលិន។
តាមប្រសាសន៍ អភិបាលខេត្តប៉ៃលិន ឯកឧត្ដម ផាន់ ចាន់ធុល បានលើកឡើងថាបច្ចុប្បន្នខេត្ត ក៏ដូចជាវិនិយោគិនខ្វះទុនសម្រាប់សាងសង់រោងចក្រកែច្នៃជាផលិតផលសម្រេច រោងសម្ងួត វេចខ្ចប់ និងឃ្លាំងស្តុក។ល។ ឯកឧត្តមអភិបាលនៃគណអភិបាលខេត្ត បានរំលេចពីបញ្ហានៃការនាំចេញកសិផលរបស់ខេត្តទៅកាន់ទីផ្សារថៃមានដំឡូងមី ពោត ក្រហម និងមៀនប៉ៃលិន កំពុងកកស្ទះដោយសាររបាំងបច្ចេកទេសនៃប្រទេសនាំចូល។ ដែលកិច្ចការនេះទាមទារការវិនិយោគដើម្បីជួយជម្រុញកសិផលរបស់ខេត្តមានទីផ្សារទាំងផលិតផលស្រស់ និងកែច្នៃ។

កាលពីថ្មីៗនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនសមាជិកសហគមន៍មៀនប៉ៃលិនថា ក្រសួងដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាទិការកំពុងពុះពារ ជំរុញ និងចរចារជាមួយភាគីចិនយ៉ាងយកចិត្តទុកដាក់ និងស៊ីជម្រៅទាំងការងារបច្ចេកទេស និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យសំខាន់ៗដែលភាគីនាំចេញ (កម្ពុជា) ត្រូវបំពេញឱ្យខាងតែបាន។

ក្នុងនោះ ក្រសួងបានទទួលចម្លើយបឋមពីភាគីចិនថាករណីសំណើនាំចេញមៀនប៉ៃលិន ភាគីចិនបាននិងកំពុងពិនិត្យលើឯកសារសំណើនេះតាំងពីខែមិថុនា ឆ្នាំ២០១៩ ហើយសង្ឃឹមថាឯកសារសំណើនេះនឹងត្រូវបានអនុម័តក្រោយពេលពិធីសារនាំចេញស្វាយស្រស់កម្ពុជា ដែលបានផ្លាស់ប្តូររវាងភាគីទាំងពីរកាល ពីសប្តាហ៍មុនអនុវត្តបានរលូនជាមុនសិន។

ជាក់ស្ដែង ដើម្បីបំពេញលក្ខខណ្ឌតម្រូវរបស់ភាគីចិន ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនបងប្អូនសមាជិកសហគមន៍មៀនប៉ៃលិនដោយសង្ខេបអំពីការងារបច្ចេកទេសរួមមានការងារដាំដុះ ថែរក្សា ការពារសត្វចង្រៃ ការប្រើជី និងថ្នាំពុលកសិកម្មសម្រាប់កម្ចាត់សត្វល្អិត បច្ចេកទេសក្រោយពេលប្រមូលផល ជាពិសេសការអនុវត្តកសិកម្មល្អ (Good Agricultural Practices, GAP) នៅនឹងចម្ការផ្ទាល់ និងការអនុវត្តកន្លែងកែច្នៃល្អ (Good Manufacturing Practices, GMP) តែម្តង។


អត្ថបទ៖ នីតា


