យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមអឺរ៉ុបកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះបានឲ្យដឹងថា ក្រុមអឺរ៉ុបកំពុងកៀងគរជំនួយឥតសំណង និងប្រាក់កម្ចីចំនួន ៤៤៣ លានអឺរ៉ូ (ប្រមាណ ៤៨៣ លានដុល្លារអាមេរិក) ដើម្បីជួយប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 និងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចសង្គម ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីគាំទ្រដល់បណ្ដាប្រទេសជាដៃគូនៅជុំវិញពិភពលោក។
æææ
តាមប្រភពដដែល ក្រុមអឺរ៉ុបគឺ ជាក្រុមខិតខំប្រឹងប្រែងរួមគ្នារវាងសហភាពអឺរ៉ុប ជាមួយរដ្ឋជាសមាជិករបស់ខ្លួន ស្ថាប័នហិរញ្ញវត្ថុ និងភ្នាក់ងារអនុវត្ត ដោយបានរួមគ្នាផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសយ៉ាងសំខាន់ ដើម្បីជួយប្រទេសកម្ពុជាក្នងការដោះស្រាយតម្រូវការបន្ទាន់ ការពារជនងាយរងគ្រោះបំផុត កាត់បន្ថយផលប៉ះពាល់ខាងសេដ្ឋកិច្ច ដែលរងគ្រោះដោយវិបត្ដិនៃមេរោគឆ្លង Covid-19 និងត្រៀមសម្រាប់ការស្ដារសេដ្ឋកិច្ចឡើងវិញ ដោយក្រុមអ៊ឺរ៉ុបធ្វើការរួមគ្នាជាមួយដៃគូរបស់ខ្លួនគឺ ប្រទេសស្វីសដើម្បីជួយដល់កម្ពុជា។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាលោកស្រី Carmen Moreno មានប្រសាសន៍ថា៖ « ជំងឺរាតត្បាតប្រភេទនេះទាមទារឱ្យមានកិច្ចសហប្រតិបត្តិការនិងសាមគ្គីភាព ក្រុមអឺរ៉ុបឈររួមគ្នាជាមួយកម្ពុជាក្នុងគ្រាលំបាកទាំងនេះ។ យើងត្រូវធ្វើការរួមគ្នាដើម្បីធានាបាននូវការងើបឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយចីរភាព និងរឹងមាំ ដើម្បីជួយកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតនេះមកលើប្រជាពលរដ្ឋ ការងារ និងជីវភាព។ ហើយដើម្បីសម្រេចគោលបំណងនេះយើងបញ្ចូលធនធានរបស់យើងនិងចូលរួមកិច្ចខិតខំប្រឹងប្រែងជាមួយរដ្ឋាភិបាល ប្រជាជនកម្ពុជា ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកលនេះ” ។

ជាក់ស្ដែងការគាំទ្ររបស់ដៃគូអឺរ៉ុបមកកម្ពុជាផ្តោតលើអាទិភាពសំខាន់ៗចំនួន ៣ ស្របតាមផែនការរបស់គោលក្នុងការឆ្លើយតបនឹងការប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 របស់កម្ពុជារួមមាន៖ ក្នុងការគាំទ្រផ្នែកសុខភាព ក្រុមអ៊ឺរ៉ុបចូលរួមចំណែកក្នុងការពង្រីកសមត្ថភាពស្រាវជ្រាវ និងតេស្តនៅកម្ពុជាគាំទ្រដល់ការអនុវត្តផែនការប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 និងពង្រឹងប្រព័ន្ធសុខាភិបាល។ ដោយដៃគូអឺរ៉ុបកំពុងពង្រឹង និងរៀបចំកម្មវិធីរបស់ពួកគេឡើងវិញលើអាហារូបត្ថម្ភក៏ដូចជាអនាម័យ លទ្ធភាពទទួលបានទឹកស្អាត ដើម្បីឆ្លើយតបឱ្យបានកាន់តែច្រើនចំពោះតម្រូវការក្នុងពេលវីរុសរាតត្បាត។ បន្ថែមពីនេះក្រុមអឺរ៉ុបគាំទ្រយ៉ាងខ្លាំងដល់អង្គការសុខភាពពិភពលោក និងចូលរួមផ្តល់ហិរញ្ញប្បទានដល់កម្មវិធីរបស់ខ្លួននៅកម្ពុជា។

មួយវិញទៀតនៅពេលដែលការងារ ជីវភាពរស់នៅ និងសន្តិសុខស្បៀងស្ថិតក្នុងភាពគ្រោះថ្នាក់ ដៃគូអឺរ៉ុបរួមវិភាគទានក្នុងការគាំទ្រដល់ប្រជាជនលើជីវភាព និងការងាររបស់ពួកគេ ដោយផ្តល់ដល់ប្រជាជនដែលងាយរងគ្រោះបំផុតតាមរយៈកម្មវិធីគាំពារសង្គមអាហារូបករណ៍ ការទទួលបានការអប់រំ ការជួយដល់កម្មករ និងជនចំណាកស្រុកដែលវិលត្រឡប់ទៅវិញ។ ជាមួយគ្នានេះកម្មវិធីរបស់ក្រុមអ៊ឺរ៉ុបជួយទ្រទ្រង់ជីវភាពរស់នៅតាមរយៈ វារីវប្បកម្ម និងជលផល ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ហើយពួកគេក៏ចូលរួមដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងការគ្រប់គ្រងវិបត្តិមីក្រូហិរញ្ញវត្ថុផងដែរ។
កាន់តែពិសេសជាងនេះទៅទៀត អឺរ៉ុបនឹងធ្វើការជាមួយកម្ពុជាដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ច និងការបង្កើតការងារ ហើយការគាំទ្រនេះនឹងរួមចំណែកដល់ការពង្រឹងវិស័យសំខាន់ៗនៃសេដ្ឋកិច្ច និងមានការចូលរួមពីការវិនិយោគសាធារណៈសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាព និងថាមពល និងការស្ដារឡើងវិញដោយគិតគូរពីបរិស្ថាន។ ទន្ទឹមនឹងនេះកម្មវិធី និងគម្រោងអ៊ឺរ៉ុបនឹងចូលរួមចំណែកក្នុងការកសាងភាពធន់នៅក្នុងវិស័យឯកជន និងដើម្បីគាំទ្រដល់ការបង្កើតការងារធានានូវការងើបឡើងវិញដ៏រឹងមាំនិងសេដ្ឋកិច្ចដែលមាននិរន្តរភាព ការដាក់បញ្ចូលនិងភាពធន់បន្ថែមទៀតស្របតាមរបៀបវារៈ ២០៣០ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស៕
សូមបញ្ជា់ផងដែរថា ជំនួយចំនួន ៤៤៣ លានអឺរ៉ូ (ស្មើនឹង ៤៨៣ លានដុល្លារ) នេះបានរួមបញ្ចូលគ្នានូវការបែងចែកថវិកាថ្មីដែលបានរៀបចំ និងបង្វែរថវិកាដែលបានគ្រោងទុករួច ហើយត្រូវបានផ្សព្វផ្សាយតាមរយៈស្ថាប័នរាជរដ្ឋាភិបាល និងអង្គការដៃគូរួមទាំងអង្គការសង្គមស៊ីវិលផងដែរ។ ខណៈក្រុមអឺរ៉ុបតំណាងឲ្យសហគមន៍អ៊ឺរ៉ុប និងរដ្ឋជាសមាជិក ហើយនៅប្រទេសកម្ពុជាពួកគេត្រូវបានចូលរួមដោយដៃគូអឺរ៉ុបគឺប្រទេសស្វីស៕
ប្រភព៖ europa
អត្ថបទ៖ លីនី


