ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកដំបូងគេរបស់វៀតណាម VinFast បានបើកមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ នៅទីក្រុងមែលប៊នប្រទេសអូស្ដ្រាលី ដើម្បីគាំទ្រផែនការរបស់ខ្លួនសម្រាប់កំណើនអន្តរជាតិ។ មជ្ឈមណ្ឌលនេះនឹងមានបុគ្គលិកជិត ១០០នាក់ ហើយដំបូងផ្តោតលើការអភិវឌ្ឍទាំងរថយន្តបើកបរដោយប្រើសាំង និងអគ្គិសនី។ ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ VinFast នៅប្រទេសអូស្ត្រាលីកាលពីថ្ងៃព្រហស្បតិ៍ គឺមានគោលបំណងពង្រីកឱកាសចូលទៅកាន់ទីផ្សារអន្តរជាតិ ភ្ជាប់ជាមួយអ្នកផ្គត់ផ្គង់ឈានមុខគេ និងចាប់យកបច្ចេកវិទ្យានិងនិន្នាការថ្មីៗ។
VinFast កាលពីខែមុនបានសាកល្បងម៉ូដែលរថយន្តអគ្គិសនីដំបូងរបស់ខ្លួននៅទីក្រុងហាណូយ ដោយមានគម្រោងណែនាំម៉ូដែលអគ្គិសនីនេះ នៅឯពិព័រណ៍រថយន្តសហរដ្ឋអាមេរិកនៅចុងឆ្នាំ២០២០។ ក្រុមហ៊ុនបាននិយាយកាលពីចុងខែមុនថា ខ្លួននឹងចាប់ផ្តើមផលិតម៉ូទ័រអេឡិចត្រិចដំបូងរបស់ខ្លួន ចាប់ពីខែកក្កដាឆ្នាំក្រោយតទៅ ដើម្បីកំណត់ទិសដៅទីផ្សារសហរដ្ឋអាមេរិក។ ក្រុមហ៊ុនផលិតរថយន្តនេះមានរោងចក្រ ដែលមានសមត្ថភាពផលិតរថយន្ត ២៥០,០០០ និងកង់អគ្គិសនី ២៥០,០០០ ក្នុងមួយឆ្នាំនៅកំពង់ផែ Hai Phong ភាគខាងជើងរបស់ប្រទេស។
ក្រុមហ៊ុននេះបានចែកចាយរថយន្តដំបូងរបស់ខ្លួនកាលពីខែមិថុនាឆ្នាំ២០១៩ ហើយទោះបីជាក្រុមហ៊ុនមិនបានបង្ហាញតួលេខនៃការលក់ក៏ដោយ ក៏ទិន្នន័យផ្លូវការបង្ហាញថារថយន្ត VinFast ចំនួន ៥,១២៤ គ្រឿង ត្រូវបានចុះបញ្ជីនៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២០នេះ ដោយធ្វើឱ្យ VinFast ឈរនៅក្នុងលំដាប់ទី៥ នៅក្នុងការលក់ក្រុងស្រុក ដេញពីក្រោយក្រុមហ៊ុនហ៊ីយ៉ាន់ដាយ តូយ៉ូតា គៀ និងហុងដា៕




អត្ថបទ៖ លីដា
ប្រភព៖ VNexpress


