ទីក្រុងហុងកុងនៅតែក្ដោបក្ដាប់ដំណែងជាទីក្រុងថ្លៃបំផុតសម្រាប់ជនបរទេស ក្នុងឆ្នាំ២០២០នេះ
សេដ្ឋកិច្ច June 13, 2020 Chan Sreyny

យោងតាមរបាយការណ៍ប្រចាំឆ្នាំចុងក្រោយបង្អស់របស់ក្រុមហ៊ុន Mercer បានឲ្យដឹងថាទីក្រុងហុងកុងនៅតែរក្សាចំណាត់ថ្នាក់កំពូលរបស់ខ្លួនរយៈពេល ៣ឆ្នាំជាប់ៗគ្នា ក្នុងនាមជាទីក្រុងថ្លៃបំផុតសម្រាប់ជនបរទេស។ ការស្ទាបស្ទង់របស់ក្រុមហ៊ុនប្រឹក្សាយោបល់មួយនេះបានរកឃើញថា តម្លៃផ្ទះខ្ពស់ៗនៅហុងកុងបាននាំមុខតម្លៃផ្ទះនៅទីក្រុងចំនួន​ ២០៨ ផ្សេងទៀត ដោយក្នុងនោះទីក្រុងនៅប្រទេសអាស៊ីមាន ៦ ក្នុងចំណោមចំណាត់ថ្នាក់ទាំង ១០។

ជាក់ស្ដែង រដ្ឋធានី Turkmen បានទម្លាក់ទីក្រុង Tokyo ដោយឈរនៅលំដាប់ទី២ ហើយសិង្ហបុរីធ្លាក់ពីលេខ ៣ ដល់លេខ ៥ ខណៈទីក្រុងរបស់ប្រទេសស្វ៉ីសដល់ទៅ ៣ បានជាប់ក្នុងចំណោមកំពូលទាំង ១០ រួមមាន ទីក្រុង Zurich លំដាប់ទី៤ ទីក្រុង Bern ទី៨ និង Geneva ទី៩។

ជាមួយគ្នានេះ ទីក្រុង New York ស្ថិតក្នុងចំណាត់ថ្នាក់ទី៦ ជាទីក្រុងតែមួយគត់របស់សហរដ្ឋអាមេរិកដែលបានជាប់ក្នុងចំណាត់ថ្នាក់កំពូលទាំង ១០។ ដោយឡែកទីក្រុងដែលមានតម្លៃទាបជាងគេនៅក្នុងបញ្ជី គឺទីក្រុង Karachi, Bishkek, Tashkent, Windhoek និង Tunis។

គួរបញ្ជាក់ផងដែរថាការស្ទង់មតិ គឺផ្អែកលើតម្លៃនៃការរស់នៅក្នុងខែកុម្ភៈ ដល់ខែមីនា នៅពេលដែលប្រទេសភាគច្រើនមិនទាន់រងផលប៉ះពាល់ពីវិបត្តិ (Covid-19)។ ប៉ុន្តែលោក Jean-Philippe Sarra ប្រធានផ្នែកវាស់ស្ទង់ការផ្លាស់ប្ដូររបស់ជនបរទេសនៃក្រុមហ៊ុនបាននិយាយថា ទោះបីជាពេលមុនមិនមានការផ្លាស់ប្ដូរក៏ពិតមែន ប៉ុន្តែនៅពេលខាងមុខមិនទាន់ដឹងថា តើវិបត្តិនេះនឹងជះឥទ្ធិពលដល់ការចល័តរបស់ជនបរទេសដោយរបៀបណានោះទេ៕

ប្រភព៖ bangkokpost
អត្ថបទ៖ លីនី