កសិករដាំផ្លែឈើនៅវៀតណាម សើចលែងសម ដោយសារការដាំដុះនៅឆ្នាំនេះរងការខាតបង់ធ្ងន់ធ្ងរ
សេដ្ឋកិច្ច June 13, 2020 Chan Sreyny

វៀតណាម៖ កសិករដាំផ្លែឈើជាច្រើននៅតំបន់ដីសណ្ដទន្លេមេគង្គអស់កម្លាំងចិត្ត បន្ទាប់ពីរងការខាតបង់នៅឆ្នាំនេះក្នុងការដាំដុះដំណាំ ដែលបណ្ដាលមកពីគ្រោះរាំងស្ងួត ការឡើងកម្រិតជាតិប្រៃនៃទឹកទន្លេ និងតម្រូវការផ្លែឈើទាប។ លោក Nguyen Ngoc Nhan ម្ចាស់ចំការផ្លែសាវម៉ាវនៅខេត្ត Vinh Long បានឲ្យដឹងថា ដំណាំរបស់គាត់នៅក្នុងឆ្នាំនេះមិនទទួលបានល្អនោះទេ ដោយសារកង្វះទឹកសាបដើម្បីស្រោចស្រព ខណៈកម្រិតជាតិប្រៃនៅតាមប្រឡាយនៅក្នុងឃុំរបស់គាត់បាន​កើនឡើងពី ០.៣ ទៅ ០.៤ % ដោយសារគ្រោះរាំងស្អួត។

លោកបានបន្តថា ឃុំរបស់គាត់ពីមុនមិនដែលមានកម្រិតជាតិប្រៃនៅតាមប្រឡាយនោះទេ ប៉ុន្តែឆ្នាំនេះទឹកនៅក្នុងប្រឡាយឡើងកម្រិតជាតិប្រៃខ្លាំង ដែលធ្វើឲ្យប្រមូលផលចុងក្រោយតម្លៃផ្លែសាវម៉ាវបានធ្លាក់ចុះជិត ៩,០០០ ដុងក្នុងមួយគីឡូក្រាមដែលបណ្តាលឱ្យកសិករដូចគាត់ទទួលរងការខាតបង់យ៉ាងច្រើន។ យោងតាមគណៈកម្មាធិការប្រជាជនឃុំបានឱ្យដឹងថា នៅដើមខែឧសភាទឹកប្រៃបានធ្វើឱ្យប៉ះពាល់ដល់ចម្ការចំនួន ៤៧៨ ហិកតាក្នុងនោះមានទុរេន ២៨ ហិកតាសាវម៉ាវ ៣៧៩ ហិកតា និងមៀនជាង ៧០ ហិកតា ហើយប៉ះពាល់ដល់ដីក្នុងឃុំ ៩៥% បង្កឱ្យខាតបង់ទឹកប្រាក់ប្រមាណជាង ១១ ពាន់លានដុង (ជិត ៥០ ម៉ឺនដុល្លារ)។

ជាមួយគ្នានេះដែរ យោងតាមតួលេខពីផ្នែកកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុក Cho Lach បានឱ្យដឹងថា ផ្លែទុរេនប្រហែល ១,៦០០ ហិកតា និងផ្លែដទៃទៀតក៏ត្រូវបានរងផលប៉ះពាល់ដោយទឹកប្រៃនេះដែរ។ ក្នុងនោះ ២៤០ ហិកតាត្រូវបានបំផ្លាញទាំងស្រុង ៧២០ ហិកតាខូចខាត ៥០-៧០% ហើយ ២៤០ ហិកតាខូចខាត ៣០-៥០% និង ៤០០ ហិកតាខូចខាត ៣០%។

បើតាមការបញ្ជាក់របស់កសិករ Nguyen Van Tuan ដើមទុរេនអាយុកាល ១៥ ឆ្នាំរាប់រយដើមនៅក្នុងចម្ការរបស់គាត់បានក្រៀមស្វិត ខណៈដើមទុរេនក្នុងមួយដើមៗ ផ្ដល់ផលបានប្រហែល ១២០ ផ្លែរៀងរាល់ឆ្នាំ លក់បានពី ៥៥,០០០ ទៅ ៦០,០០០ ដុងក្នុងមួយគីឡូក្រាម ធ្វើឲ្យលោករកចំណូលបានជាង ២០ លានដុង (ជាង ៩០០ ដុល្លារ) ក្នុងមួយដើមក្នុងមួយឆ្នាំ។ ដោយឡែកតម្រូវការទាប និងការធ្លាក់ចុះនៃតម្លៃក៏បានវាយប្រហារយ៉ាងខ្លាំងទៅលើកសិករផងដែរ ដោយផ្លែឈើ និងបន្លែមួយចំនួននៅលើទីក្រុងត្រូវបានដាក់លក់ក្នុងតម្លៃទាបជាងឆ្នាំមុនៗទៅទៀត៕

ប្រភព៖ vietnamplus
អត្ថបទ៖ លីនី