អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសជប៉ុននឹងបន្តធ្លាក់ចុះដល់ឆ្នាំក្រោយ ប្រសិនបើប្រទេសនេះនៅតែរងការវាយប្រហារដោយវីរុស Covid-19 បន្តទៀត។ យោងតាមចក្ខុវិស័យសដ្ឋកិច្ចសកលរបស់ (OECD) ដែលបានចេញផ្សាយកាលពីថ្ងៃពុធ បង្ហាញនូវសេណារីយ៉ូពីរ គឺមួយនៅពេលដែលវីរុសអាចគ្រប់គ្រងបាន និងមួយទៀតពាក់ព័ន្ធនឹងការឆ្លងរលកទី២ ក្នុងឆ្នាំនេះ។
ជាក់ស្ដែងប្រសិនបើវីរុសនេះអាចគ្រប់គ្រងបាន នោះសេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះ ៦% នៅឆ្នាំនេះ និងកើនឡើង ៥.២% នៅឆ្នាំក្រោយ ហើយសេដ្ឋកិច្ចជប៉ុននឹងធ្លាក់ចុះ ៦% នៅឆ្នាំនេះ និងកើនឡើង ២.១% នៅឆ្នាំក្រោយ។ ដោយឡែកប្រសិនបើរលកទី២ ហក់ឡើងតួលេខសម្រាប់សេដ្ឋកិច្ចពិភពលោកនឹងត្រូវបានដក ៧.៦% នៅឆ្នាំនេះ និងបូកនឹង ២.៨% នៅឆ្នាំក្រោយ។ ហើយតួលេខរបស់ប្រទេសជប៉ុននឹងដក ៧.៣% នៅឆ្នាំនេះនិងដក ០.៥% នៅឆ្នាំក្រោយ។

បន្ថែមពីនេះ OECD បាននិយាយថា សក្តានុពលនៃការលូតលាស់របស់ជប៉ុន គឺខ្សោយណាស់ក្នុងការចាប់ផ្តើម ហើយអាចនឹងត្រូវរងផលប៉ះពាល់ដោយរលកទីពីរ។ មិនតែប៉ុណ្ណោះរបាយការណ៍នេះបន្ថែមទៀតថា ផលប៉ះពាល់នៃកញ្ចប់ជំនួយថវិកា និងសេដ្ឋកិច្ចដ៏ធំធេងរបស់រដ្ឋាភិបាលជប៉ុននឹងត្រូវបាត់បង់នៅឆ្នាំក្រោយ។ យ៉ាងណាមិញអង្គការនេះក៏បានសន្និដ្ឋានថា គ្មានប្រទេសណាមួយអាចរំពឹងថានឹងមានការងើបឡើងវិញនៃសេដ្ឋកិច្ចរឹងមាំនៅក្នុងសេណារីយ៉ូណាមួយឡើយ៕

ប្រភព៖ nhk
អត្ថបទ៖ លីនី


