ជួយត្រេកអរផងអ្នកក្រចេះ! ឆាប់ៗខាងមុខនេះក្រសួងសាធារណការនឹងសាងសង់ស្ពានមួយខ្សែឆ្លងកាត់ទន្លេមេគង្គ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ
សេដ្ឋកិច្ច June 10, 2020 Chan Sreyny

នាពេលឆាប់ៗខាងមុខនេះនឹងមានស្ពានឆ្លងកាត់ទន្លេមេគង្គ ក្នុងខេត្តក្រចេះ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក្នុងពិធីពិធីសំណេះសំណាល និងសាកសួរសុខទុក្ខមន្ត្រីរាជការ បុគ្គលិក និងកម្មករ និងបំពាក់គ្រឿងឥស្សរយសជូនមន្ត្រីរាជការនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០។

ថ្លែងក្នុងពិធីនេះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានក្រើនរំលឹកពីសមិទ្ធផលនានាដែលក្រសួងសម្រេចបានកន្លងមកទាក់ទងនឹងការផ្ដល់សេវាសាធារណៈតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ការផ្តល់នូវសេវាសាធារណៈដោយដើម្បីបង្ខិតសេវាទៅកៀកប្រជាពលរដ្ឋ យន្តការប្រើប្រាស់រថយន្តឆៀកចល័ត សេវាប្តូរបណ្ណបើកបរ សេវាប្តូរ និងពន្យារបណ្ណបើកបរនៅផ្សារអ៊ីអន កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដល់បងប្អូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ពោលគឺធ្វើឱ្យបានលឿន ធ្វើឱ្យមានប្រសិទ្ធភាព និងតម្លាភាព ជូនប្រជាពលរដ្ឋ និងបានបង្ហាញពីយុទ្ធសាស្រ្តខ្លះៗដល់មន្ត្រីរាជការ និងយន្តការផ្សេងៗ ទៀតដើម្បីលើកកម្ពស់គុណភាពសេវាសាធារណៈ។

ជាមួយគ្នានេះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធីអំពីគម្រោងសាងសង់ជួសជុលថែទាំ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យកាន់តែមានភាពប្រសើរឡើង​។ លេីសពីនេះទៅទៀត​ នាពេលខាងមុខនេះនឹងមានស្ពានឆ្លងកាត់ទន្លេមេគង្គ​ក្នុងភូមិសាស្ត្រខេត្តក្រចេះ ។ គម្រោងនេះ​នឹងរួមចំណែកជំរុញកំណេីនសេដ្ឋកិច្ចក្នុងតំបន់​ និងប្រទេស​ តាមរយ:​ សម្រួលការដឹកជញ្ជូន​ទំនិញ​ និងកសិផល​ ជាពិសេសផ្សារភា្ជប់ទំនាក់ទំនងរវាងបងប្អូនប្រពលរដ្ឋពីត្រេីយ​ ទៅត្រេីយម្ខាងទៀត​ ភាពរហ័ស​ ចំនេញពេល​វេលា និងចំនេញថរិកា​៕


(រូបតំណាង)

ប្រភព៖ ក្រសួងសាធារណៈការ និងដឹកជញ្ជូន