រដ្ឋាភិបាលហុងកុងបញ្ចេញទឹកប្រាក់ ៥ពាន់លានដុល្លារ ដើម្បីស្ដារក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំបំផុតមួយរបស់អាស៊ីឡើងវិញ
សេដ្ឋកិច្ច June 9, 2020 Khmernote

នៅថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២០ ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific បានប្រកាសអំពីផែនការថវិកាចំនួន ៣៩ ពាន់លានដុល្លារហុងកុង (៥ពាន់លានដុល្លារអាមេរិក) ដែលជាការគាំទ្រដោយរដ្ឋាភិបាលហុងកុង ខណៈក្រុមហ៊ុននេះកំពុងប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះ ដែលបណ្ដាលមកពីជំងឺ COVID-19។ វាដូចជាក្រុមហ៊ុនអាកាសចរណ៍ដទៃទៀតដែរ ក្រុមហ៊ុន Cathay Pacific កំពុងរងការរំខានពីវិបត្តិជំងឺ COVID-19 ដែលបានធ្វើឱ្យតម្រូវការហោះហើរធ្លាក់ចុះ ហើយក្រុមហ៊ុនកាន់តែបាត់បង់ចំណូលយ៉ាងសន្ធឹកសន្ធាប់ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ពោលគឺត្រឹមតែ ៤ខែដំបូង ក្នុងឆ្នាំ២០២០ ក្រុមហ៊ុនបានខាតបង់ ៥៨០ លានដុល្លារអាមេរិក។

ការពិតទៅក្រុមហ៊ុន Cathay Pacific បានរងសម្ពាធមួយតង់រួចទៅហើយ ដោយសារឥទ្ធិពលនៃការតវ៉ារបស់បាតុករហុងកុងរាប់ខែកាលពីចុងឆ្នាំមុន ហើយតាំងពីពេលនោះមកអ្នកដំណើរក៏បានបន្ដធ្លាក់ចុះ។ មុនពេលជំងឺរាតត្បាតបានវាយប្រហារ ក្រុមហ៊ុន Cathay Pacific គឺជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំជាងគេមួយនៅអាស៊ី និងជាក្រុមហ៊ុនដឹកទំនិញតាមផ្លូវអាកាសធំជាងគេទី៥ របស់ពិភពលោក។ ជំងឺរាតត្បាត COVID-19 បានបណ្តាលឱ្យអ្នកដំណើរធ្លាក់ចុះដោយសារការបិទជើងយន្តហោះ ខណៈពេលដែលអាជីវកម្មដឹកទំនិញក្នុងស្រុកក៏គ្មានតម្រូវការ ដែលវាខុសពីក្រុមហ៊ុនធំៗដទៃ ទោះបីអត់ការហោះហើរចេញក្រៅក៏នៅមានការហោះហើរក្នុងស្រុកជាទីពឹងបាន៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍