ធនាគាពិភពលោកបានព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះ ៥.២% នៅឆ្នាំនេះ ដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩។ នេះបើយោងតាមការប្រកាសការព្យាករណ៍របស់ធនាគារនៅក្នុងរបាយការណ៍ស្តីពីទស្សនវិស័យសេដ្ឋកិច្ចសកលកាលពីថ្ងៃច័ន្ទ កន្លងទៅនេះ។
តួលេខដែលបានបង្ហាញកាលពីពេលថ្មីៗនេះ គឺធ្លាក់ចុះពីការប៉ាន់ស្មានកាលពីខែមុនក្នុងចំនួន ៧.៧% មុនពេលការរីករាលដាលនៃជំងឺរាតត្បាតជាសកល។ បើយោងតាមរបាយការណ៍បាននិយាយថា ការធ្លាក់ចុះ ៥.២% នេះនឹងតំណាងឲ្យការធ្លាក់ចុះដ៏ធំបំផុតចាប់តាំងពីសង្រ្គាមលោកលើកទី២។

ទន្ទឹមនឹងនេះរបាយការណ៍នេះក៏បានព្យាករណ៍ផងដែរនូវការធ្លាក់ចុះ ៦.១% សម្រាប់សហរដ្ឋអាមេរិក និងជប៉ុន ហើយនិង ៩.១% សម្រាប់តំបន់អឺរ៉ុប ។ ខណៈសេដ្ឋកិច្ចចិនត្រូវបានគេរំពឹងថានឹងកើនឡើង ១% ដែលជាកំណើនទាបបំផុតក្នុងរយៈពេល ៤៤ឆ្នាំ។

បន្ថែមពីនេះតាមរបាយការណ៍ដដែលក៏បង្ហាញផងដែរថា ទីផ្សារនិងសេដ្ឋកិច្ចកំពុងអភិវឌ្ឍ ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ ២.៥% ដែលជាការធ្លាក់ចុះជាក្រុមហើយជាលើកដំបូងក្នុងរយៈពេលជិត ៦០ឆ្នាំមកនេះ។ ការធ្លាក់ចុះនេះនឹងរុញឲ្យមនុស្សរាប់លាននាក់ធ្លាក់ចូលក្នុងភាពក្រីក្រខ្លាំង។

លើសពីនេះ ប្រសិនបើការរីករាលដាលកាន់តែអូសបន្លាយពេលយូរ ហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចកាន់តែមានច្រើន ដោយរបាយការណ៍បានបន្ថែមថា សេដ្ឋកិច្ចពិភពលោកអាចនឹងធ្លាកចុះ ៨% នៅឆ្នាំនេះ៕
ប្រភព៖ nhk
អត្ថបទ៖ លីនី


