វៀតណាម និងសហភាពអឺរ៉ុបបានឈានដល់ការចុះកិច្ចព្រមព្រៀងជាផ្លូវការលើការកាត់បន្ថយ និង លុបចោលពន្ធគយចំនួន ៩៩% ចំពោះទំនិញដែលត្រូវបានធ្វើពាណិជ្ជកម្មរវាងភាគីទាំងពីរ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះបានអនុម័តដោយរដ្ឋសភាវៀតណាមនាថ្ងៃច័ន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០ នេះ ហើយអាចនឹងចូលជាធរមាននៅក្នុងខែកក្កដា។
ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុបហៅកាត់ថា (EVFTA) បានទទួលការបោះឆ្នោតពីសមាជិកសភាវៀតណាមជាង ៩៤%។ ហើយក្រោមកិច្ចព្រមព្រៀង (EVFTA) ដែលចំណាយពេលចរចារដល់ទៅ ៨ឆ្នាំ នេះភាគីវៀតណាមនឹងលុបចោលពន្ធនាំចូល ៩៩% ក្នុងរយៈពេលជាង ១០ឆ្នាំ ខណៈសហភាពអឺរ៉ុបនឹងលុបចោលពន្ធនាំចូលរបស់ខ្លួនក្នុងចំនួនដូចគ្នាតែក្នុងរយៈពេលជាង ៧ឆ្នាំប៉ុណ្ណោះ។

ទន្ទឹមនឹងនេះនៅពេលដែល EVFTA ចូលជាធរមាននៅខែក្រោយ សហភាពអឺរ៉ុបនឹងលុបចោលពន្ធនាំចូលភ្លាមៗនៅលើបន្ទាត់ពន្ធចំនួនប្រមាណ ៨៥.៦ ដែលស្មើនឹង ៧០.៣% នៃការនាំចេញរបស់វៀតណាមទៅកាន់តំបន់របស់ខ្លួន។ លើសពីនេះ EU នឹងលុបចោលពន្ធគយ ៩៩.២% ជាបណ្តើរៗដែលស្មើនឹង ៩៩.៧% នៃការនាំចេញរបស់វៀតណាមក្នុងរយៈពេល ៧ ឆ្នាំខាងមុខ។ ចំណែកនៅសល់ ០.៣% ទៀត EU នឹងផ្តល់កូតាពន្ធដល់ប្រទេសវៀតណាមជាមួយនឹងពន្ធនាំចូល ០%។

យោងតាមធនាគារពិភពលោកបាននិយាយកាលពីខែឧសភាថា EVFTA អាចជម្រុញផលិតផលក្នុងស្រុកសរុបរបស់វៀតណាម ២.៤% និងការនាំចេញ ១២% នៅឆ្នាំ ២០៣០ និងជួយលើកកម្ពស់មនុស្សរាប់សែននាក់ចាកចេញពីភាពក្រីក្រ។ គួរបញ្ជាក់ផងដែរថា (EVFTA) គឺជាកិច្ចព្រមព្រៀងទី២ របស់សហភាពអឺរ៉ុបជាមួយប្រទេសអាស៊ានបន្ទាប់ពីប្រទេសសឹង្ហបុរី និងមួយក្នុងចំណោមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។
បន្ថែមពីនេះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ គឺជាកិច្ចព្រមព្រៀងដ៏ទូលំទូលាយ និងមានអត្ថប្រយោជន៍សម្រាប់ភាគីទាំងពីរដែលស្របតាមបទប្បញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក វាត្រូវបានអនុម័តដោយក្រុមប្រឹក្សាអឺរ៉ុបកាលពីខែមីនា។ ខណៈសហភាពអឺរ៉ុប គឺជាទីផ្សារនាំចេញធំជាងគេទី២ របស់វៀតណាមកាលពីឆ្នាំមុន នៅពីក្រោយសហរដ្ឋអាមេរិកដោយមានតម្លៃ ៤១.៤៨ ពាន់លានដុល្លារ ពោលគឺធ្លាក់ចុះមួយភាគរយ ប្រៀបធៀបទៅនឹងឆ្នាំមុនៗ៕
ប្រភព៖ reuters , vnexpress
អត្ថបទ៖ លីនី


