ក្រុមហ៊ុនចិនមួយគ្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកណ្ដាល ដើម្បីបង្កើតគម្រោងនាវាទេសចរណ៍ធំៗតាមទន្លេមេគង្គ
សេដ្ឋកិច្ច June 8, 2020 Chan Sreyny

ក្រុមហ៊ុន Prince Real Estate Group គ្រោងនឹងសាងសង់កំពង់ផែទេសចរណ៍ស្តង់ដារមួយក្នុងខេត្តកណ្ដាល នៅឯមជ្ឈមណ្ឌលព្រីនម៉ាណ័ររីសត (Prince Manor Resort) ដែលគ្រោងបើកដំណើរនាពេលខាងមុខនេះ។ ចេតនានេះត្រូវបានឡើងនៅក្នុងពិធីជួបពិភាក្សាការងាររវាងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក ស៊ូ ជីស៊ីង (Xu Zhixing) នាយកប្រតិបត្តិនៃក្រុមហ៊ុន Prince Real Estate Group និងប្រតិភូគណៈគ្រប់គ្រងមជ្ឈមណ្ឌលព្រីនម៉ាណ័ររីសត។

យោងតាមលោក ស៊ូ ជីស៊ីង នៅពេលសម្ពោធមជ្ឈមណ្ឌលព្រីនម៉ាណ័ររីសតរួចរាល់ និងបន្ទាប់ពីទទួលបានការគាំទ្រពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាហើយនោះ ក្រុមហ៊ុននឹងចាប់អនុវត្តគម្រោងនាវាទេសចរណ៍នេះ នៅឆ្នាំ២០២០-២០២៣ ដោយចង់ឱ្យមានកំពង់ផែទេសចរណ៍ស្ដង់ដាមួយនៅមជ្ឈមណ្ឌលព្រីនម៉ាណ័ររីសតតែម្ដង។ ខណៈកំពង់ផែនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុនរបស់លោកដំណើរការនាវាទេសចរណ៍តាមដងទន្លេមេគង្គ ដែលជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅភ្នំពេញ និងនៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍។

ចំពោះគម្រោងបង្កើតឱ្យមានកំពង់ផែទេសចរណ៍នេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍និងគាំទ្រផែនការវិនិយោគរបស់ក្រុមហ៊ុនចិនដោយសង្កត់ធ្ងន់ថា ប្រតិបត្តិការកំពង់ផែនេះនឹងក្លាយជាជម្រើសកម្សាន្តដ៏ងាយស្រួលនៅពេលដែលប្រទេសកម្ពុជា ក៏ដូចជារាជធានីភ្នំពេញរៀបចំព្រឹត្តិការណ៍អន្តរជាតិនានា។ បន្ថែមពីនេះឯកឧត្តមរដ្ឋមន្ត្រី បានសន្យាថានឹងខិតខំសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីសុំការសម្រេចពីរាជរដ្ឋាភិបាលគាំទ្រដល់ការចូលចតរបស់នាវាទេសចរណ៍។

លើសពីនេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឱ្យ Prince Real Estate Group សម្លឹងលើការវិនិយោគទេសចរណ៍នៅខេត្តសៀមរាប ខណៈដែលរាជរដ្ឋាភិបាលកំពុងរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ក្នុងនោះក៏មានគម្រោងផែនការកសាងទីក្រុងសៀមរាបថ្មី គម្រោងទេសចរណ៍នៅខេត្តកំពង់ធំ ពិសេសជុំវិញតំបន់ប្រាសាទសំបូរព្រៃគុកផងដែរ។

សូមជម្រាបថា ទន្លេមេគង្គហូរកាត់ពីតំបន់ទីបេ ប្រទេសចិន មកប្រទេសមីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាមមានប្រវែងជាង ៤,០០០ គីឡូម៉ែត្រ ក្នុងនោះហូរកាត់ប្រទេសកម្ពុជាប្រមាណជាង ៤០០ គីឡូម៉ែត្រ ខណៈប្រជាជនប្រមាណ ៥,០០០,០០០ នាក់ ក៏កំពុងទទួលផលពីទន្លេមេគង្គនេះផងដែរ៕

ប្រភព៖ ក្រសួងទេសចរណ៍