ខណៈពេលដែលសហរដ្ឋអាមេរិកកំពុងស្ថិតក្នុងភាពវឹកវរក្នុងសង្គម នាយកប្រតិបត្តិបច្ចេកវិទ្យាធំៗ បានសន្យាថានឹងចំណាយប្រាក់រាប់លានដុល្លារដើម្បីគាំទ្រក្រុមសង្គមស៊ីវិល ក្នុងការប្រយុទ្ធប្រឆាំងនឹងការរើសអើងពូជសាសន៍។ មរណភាពរបស់លោក George Floyd ដែលបង្កឡើងដោយ មន្រ្តីប៉ូលីស Minneapolis កាលពីថ្ងៃទី ២៥ ខែឧសភាបានធ្វើឱ្យមានការតវ៉ានៅពាសពេញសហរដ្ឋអាមេរិកដែលអ្នកខ្លះបានឈានទៅរកអំពើហិង្សាដោយកុបកម្ម និងការលួចប្លន់។
ដោយមើលឃើញពីភាពវឹកវរក្នុងសង្គមជាបន្តបន្ទាប់នាយកប្រតិបត្តិបច្ចេកវិទ្យាធំៗរួមមាន លោក Jack Dorsey មេ Twitter លោក Mark Zuckerberg មេ Facebook និងលោក Tim Cook នាយកក្រុមហ៊ុន Apple ក៏ដូចជាលោក Brian Chesky នៃក្រុមហ៊ុន Airbnb បានប្រកាសពីការបរិច្ចាគថវិការាប់លានដុល្លារដល់ចលនាសិទ្ធិស៊ីវិលដែលកំពុងប្រយុទ្ធដើម្បីទាមទារយុត្តិធម៌ពីការរើសអើសពូជសាសន៍។

ក្នុងនោះលោក Mark Zuckerberg បានប្រកាសនៅក្នុងទំព័រហ្វេសប៊ុកថា ក្រុមហ៊ុនបានសន្យាផ្តល់ប្រាក់ចំនួន ១០ លានដុល្លារអាមេរិកដល់អង្គការនានាដែលធ្វើយុទ្ធនាការដើម្បីទាមទារយុត្តិធម៌ និងប្រឆាំងនឹងការរើសអើងពូជសាសន៍។ ដោយបានសរសេរថា៖ « យើងកំពុងធ្វើការជាមួយទីប្រឹក្សាសិទ្ធិស៊ីវិល និងនិយោជិករបស់យើងដើម្បីកំណត់អត្តសញ្ញាណអង្គការក្នុងស្រុក និងថ្នាក់ជាតិដែលមានសមត្ថភាពក្នងការតវា៉ប្រឆាំងទាមទារយុត្តិធម៌ក្នុងពេលបច្ចុប្បន្ននេះ »។

បើតាមសំណេររបស់នាយកប្រតិបត្តិរូបនេះ ការបរិច្ចាគលើកនេះ គឺបន្ថែមពីលើទឹកប្រាក់ប្រមាណ ៤០ លានដុល្លារអាមេរិក ដែលជាគំនិតផ្ដួចផ្ដើមរបស់លោកនៅក្នុងអង្គការដែលធ្វើការដើម្បីប្រយុទ្ធប្រឆាំងនឹងភាពអយុត្តិធម៌ពូជសាសន៍ជារៀងរាល់ឆ្នាំអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ទន្ទឹមនឹងនេះដែរ មេ Twitter លោក Jack Dorsey ក៏បានបរិច្ចាគប្រាក់ចំនួន ៣ លានដុល្លារអាមេរិកដល់អតីតកីឡាករ NFL និងសកម្មជនសិទ្ធិស៊ីវិលលោក Colin Kaepernick’s Know Camp ដោយបានសរសេរនៅលើបណ្តាញសង្គម Twitter ថា ការបរិច្ចាគនេះនឹងត្រូវប្រើដើម្បីជួយលើកកម្ពស់ការរំដោះ និងសុខុមាលភាពរបស់សហគមន៍ស្បែកខ្មៅ និងត្នោតតាមរយៈការអប់រំ ការពង្រឹងអំណាចខ្លួនឯង ការប្រមូលផ្តុំដ៏ធំ ដើម្បីលើកកម្ពស់មេដឹកនាំផ្លាស់ប្តូរនៅក្នុងជំនាន់ក្រោយ។

ក្រៅពីមហាសេដ្ឋីបច្ចេកវិទ្យាវ័យក្មេងពីររូបនេះលោក Tim Cook នាយកប្រតិបត្តិ Apple ក៏មិននៅស្ងៀមដែរ គឺបានពិភាក្សាអំពីការរើសអើង និងភាពមិនស្មើភាពគ្នានៅសហរដ្ឋអាមេរិក ដោយបរិច្ចាគប្រាក់ដល់ក្រុមអង្គការដែលទាមទារយុត្តិធម៌ និងការពារសិទ្ធិមនុស្សដែលងាយរងគ្រោះបំផុតនៅក្នុងសង្គមអាមេរិកផងដែរតែមិនបានបញ្ជាក់ពីចំនួនទឹកប្រាក់នោះទេ៕
ប្រភព៖ channelnewsasia
អត្ថបទ៖ លីនី


