រយៈពេលត្រឹមតែ ១១សប្ដាហ៍ នៅអាមេរិកមានពលរដ្ឋប្រមាណ ៤២លាននាក់ បានដាក់ពាក្យសុំយកទឹកប្រាក់ជំនួយពេលគ្មានការងារធ្វើ ដោយសារវិបត្តិជំងឺ COVID-19
សេដ្ឋកិច្ច June 5, 2020 Khmernote

ជនជាតិអាមេរិកបានដាក់ពាក្យសុំអត្ថប្រយោជន៍នៅពេលគ្មានការងារធ្វើនៅក្នុងអំឡុងវិបត្តិ COVID-19 ចំនួន ១.៩ លាននាក់ កាលពីសប្តាហ៍មុន ខណៈពេលដែលជំងឺរាតត្បាតនេះនៅតែបន្ដឆ្លងរាលដាលនៅទូទាំងប្រទេស។ ក្រសួងការងារបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការទាមទារជំនួយពេលគ្មានការងារធ្វើរបស់ពលរដ្ឋអាមេរិកមានចំនួន ១.៩ លាននាក់ សម្រាប់សប្តាហ៍មុនគិតត្រឹមថ្ងៃសៅរ៍។ ចំនួននេះវាលើសពីការប៉ាន់ស្មានរបស់អ្នកសេដ្ឋកិច្ច ដែលបានប៉ាន់ស្មានថាមាន ១.៨លាននាក់។

គិតមកទល់សប្ដាហ៍ទី១១ មានពលរដ្ឋអាមេរិកចំនួន ៤២.៦ លាននាក់ បានដាក់ពាក្យសុំជំនួយអំឡុងមានការរំខានពីជំងឺ COVID-19 នេះ ដែលវាមានន័យថា ពលរដ្ឋអាមេរិក ១ ក្នុងចំណោម ៤នាក់ បានបាត់បង់ការងារក្នុងអំឡុងពេលនេះ។ វាក៏ជាការដាក់ពាក្យសុំជំនួយច្រើនជាងជំនាន់ Great Recession ដែលជាវិបត្តិសេដ្ឋកិច្ចដ៏ធំមួយក្នុងអំឡុងឆ្នាំ ២០០៧-០៩ ដែលកាលនោះមានតែអ្នកដាក់ពាក្យសុំសរុប ៣៧ លាននាក់។ យ៉ាងណាក៏ដោយការដាក់ពាក្យនៅសប្ដាហ៍ថ្មីចុងក្រោយនេះបានធ្លាក់ចុះជាងមុន ដោយកាលពីសប្ដាហ៍ចាស់មានអ្នកដាក់ពាក្យចំនួន ២.១ លាននាក់៕

អត្ថបទ៖ លីដា
ប្រភព៖ Business Insider