ប្រទេសថៃកំពុងប្រឈមមុខនឹងការគំរាមកំហែងថ្មីនៃបរិត្តផរណា បន្ទាប់ពីអតិផរណាបានឈានដល់កម្រិតអវិជ្ជមានក្នុងរយៈពេល ៣ខែ ជាប់ៗគ្នា ទោះបីសេដ្ឋកិច្ចត្រូវបានគេសង្ឃឹមថា នឹងអាចងើបឡើងវិញជាបណ្ដើរៗនៅក្នុងឆមាសទី២ បន្ទាប់ពីការបន្ធូរបន្ថយវិធានការបិទទ្វារក៏ដោយ។ អតិផរណានៅក្នុងខែឧសភា មាន -៣.៤៤% ធៀបនឹងឆ្នាមុនៗ ដែលជាកម្រិតទាបបំផុតក្នុងមួយទសវត្ស និងស្ថិតក្នុងសញ្ញាណដក រយៈពេល ៣ខែ ជាប់ៗគ្នា។
លោកស្រី Pimchanok Wonkhorporn ប្រធានការិយាល័យគោលនយោបាយនិងយុទ្ធសាស្ត្រពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា៖ « តាមលក្ខណៈបច្ចេកទេសប្រទេសថៃបានឈានដល់បរិត្តផរណា ដែលត្រូវបានសម្គាល់ដោយការធ្លាក់ចុះនៃតម្លៃទំនិញ និងសេវាកម្មដោយអតិផរណាបានធ្លាក់ចុះក្នុងរយៈពេល ៣ ខែគឺខែមីនា -០.៥៤% ,ខែមេសា -២.៩៩% និងឧសភា -៣.៤៤% »។
លោកស្រីបានប្រាប់ អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ (៤ មិថុនា) ថាការធ្លាក់ចុះនៃតម្លៃប្រេងដែលត្រូវនឹងការឧបត្ថម្ភធនរបស់រដ្ឋាភិបាលក្នុងវិស័យអគ្គិសនីនិងទឹកបានរួមចំណែកយ៉ាងច្រើនដល់អតិផរណាអវិជ្ជមាន។ ទោះបីជាយ៉ាងនេះក្ដីលោកស្រីបាននិយាយថា អតិផរណាស្នូលបានកើនឡើង ០.១% ដែលបង្ហាញថាតម្លៃទំនិញ និងសេវាកម្មមួយចំនួន (មិនរួមបញ្ចូលអាហារនិងថាមពល) បានកើនឡើង ដូច្នេះមិនគួរមានការព្រួយបារម្ភអំពីបរិត្តផរណាឡើយ។

ដោយឡែក នាយកដ្ឋានជាន់ខ្ពស់របស់ធនាគារថៃ (BOT) លោក Don Nakornthab បាននិយាយថា ប្រទេសថៃមិនកំពុងប្រឈមនឹងបរិត្តផរណាពីទស្សនៈទីផ្សារហិរញ្ញវត្ថុទេ ខណៈលោកបានអនុវត្តតាមនិយមន័យរបស់បរិត្តផរណារបស់ធនាគារកណ្តាលអ៉ឺរ៉ុបដែលគិតពីលក្ខខណ្ឌចំនួនបួនគឺៈ អតិផរណាអវិជ្ជមានក្នុងរយៈពេលយូរ, ទំនិញនិងសេវាកម្មជាច្រើនជួបប្រទះអតិផរណាអវិជ្ជមាន, ការព្យាករណ៍ ៥ ឆ្នាំលើអត្រាអតិផរណាទាបជាងគោលដៅ និងកិច្ចសន្យាសេដ្ឋកិច្ចរួមផ្សំនឹងភាពអត់ការងារធ្វើកើនឡើង។

ជាមួយគ្នានេះធនាគារថៃបានជឿជាក់ថា អតិផរណានៅឆ្នាំក្រោយនឹងវិលត្រឡប់ទៅរកភាពវិជ្ជមានវិញព្រោះការព្យាករណ៍ ៥ ឆ្នាំគឺមាន ១.៨% ដែលជិតដល់គោលដៅក្នុងចន្លោះពី ១% ទៅ ៣%។ ប៉ុន្តែទោះជាយ៉ាងនេះក្ដីលោកបានព្រមានថា មានហានិភ័យនៃបរិត្តផរណាប្រសិនបើសេដ្ឋកិច្ចជួបប្រទះការធ្លាក់ចុះយ៉ាងខ្លាំងគួបផ្សំ នឹងការពន្យាពេលនៃការងើបឡើងវិញ។ ដោយលោកបានបន្ថែមថា BOT ត្រូវតែតាមដានយ៉ាងដិតដល់ពីស្ថានភាពសេដ្ឋកិច្ច និងអតិផរណា។
ទន្ទឹមនឹងនេះលោក Charl Kengchon ប្រធាននាយកប្រតិបត្តិនៃមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn មានសុទិដ្ឋិនិយមថា សេដ្ឋកិច្ចនឹងចាប់ផ្តើមងើបឡើងវិញនៅឆមាសទី ២ នៃឆ្នាំនេះ។ លោកបានលើកឡើងថា ប្រទេសថៃទំនងជាមិនមានបទពិសោធន៍ក្នុងទសវត្សដែលបាត់បង់ដូចប្រទេសជប៉ុនធ្លាប់មាននោះទេ នៅពេលដែលប្រទេសជប៉ុនជួបនឹងបរិត្តផរណាដែលបណ្ដាលមកពីវដ្តនៃតំលៃទំនិញ និងសេវាកម្មធ្លាក់ចុះ អតិថិជនមិនចំណាយដោយសារតែការបាត់បង់ទំនុកចិត្ត ហើយសេដ្ឋកិច្ចនឹងធ្លាក់ចុះជាបន្តបន្ទាប់។

បន្ថែមពីនេះលោកបានបន្តថា បរិត្តផរណានៅប្រទេសថៃអាចបណ្តាលមកពីការធ្លាក់ចុះនៃតម្លៃថាមពល និងផលប៉ះពាល់នៃការធ្លាក់ចុះ។ យ៉ាងណាមិញបើតាមលោក Amornthep Chawla ប្រធានផ្នែកស្រាវជ្រាវនៅធនាគារ CIMB ថៃ បានលើកឡើងថា៖ « យើងបានឈានដល់បរិត្តផរណាហើយ នៅពេលដែលតំលៃក៏ធ្លាក់ចុះដោយសារតែតម្រូវការខ្សោយ ហើយប្រជាជនមិនមានប្រាក់ច្រើនសម្រាប់ចំណាយទេ។
លោកក៏បានព្រមានផងដែរថា ប្រជាជននឹងជួបការលំបាកនៅពេលដែលថវិកាដែលរដ្ឋាភិបាលសម្រាប់ជួយសង្គ្រោះត្រូវបានបញ្ចប់។ ជាមួយគ្នានេះលោកបានបន្ថែមថា តម្លៃថាមពល ផលិតផល និងសេវាកម្មផ្សេងទៀតអាចនឹងកើនឡើងនៅប៉ុន្មានខែខាងមុខនេះ ប៉ុន្តែប្រជាជនប្រហែលជាមិនមានប្រាក់ចំណូលគ្រប់គ្រាន់ដើម្បីផ្គូរផ្គងនឹងការកើនឡើងថ្លៃដើមនៃការរស់នៅនោះទេ៕
ប្រភព៖ nationthailand
អត្ថបទ៖ លីនី


