ជប៉ុនផ្ដល់ហិរញ្ញប្បទានឥតសំណងចំនួន ៤១.៤ លានដុល្លារអាមេរិកសម្រាប់អនុវត្តគម្រោងចំនួនបី នៅកម្ពុជា
សេដ្ឋកិច្ច June 5, 2020 Chan Sreyny

នៅរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៤,៥០១ លានយ៉េន (ប្រមាណ ៤១.៤ លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោងចំនួនបីនៅកម្ពុជា។

ហិរញ្ញប្បទានឥតសំណង ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ ដោយហិរញ្ញប្បទានឥតសំណងនឹងប្រើសម្រាប់អនុវត្តគម្រោងដូចជា៖ គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ចំនួន ៣៤៨ លានយ៉េន (ប្រមាណ ៣.២ លាន ដុល្លារអាមេរិក) ការធ្វើឱ្យប្រសើរឡើងនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចំនួន ២,១៥៣ លានយ៉េន (ប្រមាណ ១៩.៨ លានដុល្លារអាមេរិក) និងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម តាមរយៈការផ្តល់សម្ភារៈវេជ្ជសាស្ត្រសម្រាប់ការការពារ និងការឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ-១៩ ចំនួន ២,០០០ លានយ៉េន (ប្រមាណ ១៨.៤០ លានដុល្លារអាមេរិក)៕

ប្រភព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ