ជប៉ុនប្ដេជ្ញាផ្ដល់ប្រាក់ ៣០០ លានដុល្លារ ដល់គំរោងបង្កើតវ៉ាក់សាំ​ងការពារ Covid-19 ហើយសន្យាបញ្ចូនទៅប្រទេសកំពុងអភិវឌ្ឍន៍នៅពេលដែលវ៉ាក់សាំងសម្រេចបានជោគជ័យ
សេដ្ឋកិច្ច June 5, 2020 Chan Sreyny

នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានសន្យាផ្ដល់ប្រាក់ចំនួន ៣០០ លានដុល្លារដើម្បីជួយអង្គការអន្តរជាតិមួយ ដើម្បីបង្កើតវ៉ាក់សាំ​ងការពារមេរោគឆ្លងវីរុស Covid-19 នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០។ លោក Abe បានធ្វើការសន្យានៅក្នុងសារជាវីដេអូទៅកាន់សន្និសិទតាមអ៉ីនធឺណេតដែលរៀបចំឡើងដោយ Gavi ជាអង្គការអន្ដរជាតិដែលបានបង្កើតឡើងក្នុងឆ្នាំ២០០០ ដើម្បីកែលំអការទទួលថ្នាំបង្ការថ្មីៗ និងចាក់វ៉ាក់សាំងការពារ សម្រាប់កុមារ និងប្រជាជនដែលរស់នៅក្នុងប្រទេសក្រីក្របំផុតនៅលើពិភពលោក។

ជាមួយគ្នានេះដែរ​នាយករដ្ឋមន្រ្តីជប៉ុនបានបញ្ជាក់ថា ទឹកប្រាក់សរុបបញ្ចូលចំនួន ២០០ លានដុល្លារ និងបន្ថែមពីលើប្រាក់ចំនួន ១០០ លានដុល្លារដែលជប៉ុនបានសន្យាកាលពីខែមុន។ ខណៈលោកបានលើកឡើងថា៖ « ការបង្កើតវ៉ាក់សាំងកំពុងដំណើរការ ដោយអ្នកមានជំនាញ និងចំណេះដឹងជាច្រើនបានខិតខំប្រឹងប្រែង ដូចនេះហើយ យើងត្រូវត្រៀមខ្លួនឲ្យបានល្អ ដើម្បីបញ្ជូនវ៉ាក់សាំងទៅប្រទេសកំពុងអភិវឌ្ឍន៍ នៅពេលណាដែលវាសម្រេចបបានជោគជ័យ» ៕

ប្រភព៖ nhk
អត្ថបទ៖ លីនី