គណៈរដ្ឋមន្រ្តីថៃបានសម្រេចអនុញ្ញាតឲ្យពលករចំណាកស្រុកពីប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា បន្តធ្វើការនៅប្រទេសថៃរហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នេះ ដើម្បីគ្រប់គ្រង និងកាត់បន្ថយការរីករាលដាលនៃវីរុស Covid-19 រួមទាំងដោះស្រាយបញ្ហា កម្មករខុសច្បាប់ និងកង្វះកម្លាំងពលកម្ម។
អ្នកនាំពាក្យរដ្ឋាភិបាលលោកស្រី Narumon Pinyosinwat បាននិយាយថា ការឈប់សម្រាកស្របច្បាប់ និងអណត្តិការងារសម្រាប់ពលករចំណាកស្រុកត្រូវបានពន្យារចាប់ពីថ្ងៃទី១ ខែមិថុនាដល់ថ្ងៃទី៣១ ខែកក្កដា ដើម្បីជាប្រយោជន៍ដល់ការគ្រប់គ្រងជំងឺបន្ថែមកម្លាំងពលកម្មដែលកំពុងខ្វះខាត និងការគាំទ្រសេដ្ឋកិច្ច។ លោកស្រីបានបន្តថា អណត្តិការងារមុនបានពន្យារពេលនៅថ្ងៃទី៣១ ខែឧសភា ហើយអង្គការពាក់ព័ន្ធរួមមានការិយាល័យអន្តោប្រវេសន៍ និងក្រសួងមហាផ្ទៃបានយល់ព្រមជាមួយនឹងការស្នាក់នៅ និងការអនុញ្ញាតឱ្យធ្វើការយូរជាងនេះ។

យ៉ាងណាមិញការអនុញ្ញាតនេះសម្រាប់ពលករចំណាកស្រុកចំនួនពីរក្រុម មួយក្រុមជាពលករខ្មែរ ឡាវ និងមីយ៉ាន់ម៉ាដោយមានច្បាប់អនុញ្ញាតការងារដែលចេញក្រោមអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីបញ្ហាការងារ។ ក្រុមទី២ គឺពលករខ្មែរនិងមីយ៉ាន់ម៉ា ដែលកាន់លិខិតឆ្លងដែនស្របតាមមាត្រា ៦៤ នៃច្បាប់ថៃ៕

ប្រភព៖ pattayamail
អត្ថបទ៖ លីនី


