យោងតាមកំណត់ទូតលេខ CESY/EC No 029/2020 ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ របស់ការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតសាធារណរដ្ឋប្រជាមាណិតចិនប្រចាំកម្ពុជា ជំនួយឥតសំណងថ្មីមួយទៀត របស់រដ្ឋាភិបាល និងប្រជាជនចិន ត្រូវបានផ្ដល់ជូនរាជរដ្ឋាភិបាលកម្ពុជា នូវសម្ភារៈបរិក្ខាវេជ្ជសាស្រ្តដែលបានមកដល់កម្ពុជាជាបន្តបន្ទាប់ចាប់ពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ គិតជាទឹកប្រាក់សរុបប្រមាណ ២.៥ លានដុល្លារអាមេរិក។
ជាមួយគ្នានេះដែរ ពិធីប្រគល់សម្ភារៈបរិក្ខាវេជ្ជសាស្រ្ត សម្រាប់បម្រើឲ្យការពារ និងការឆ្លើយការរាត្បាតនៃជំងឺកូវី១៩ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្រ្តចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយឯកឧត្តមបណ្ឌិតវ៉ាង វិនទៀង ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា។ ដោយក្នុងនោះរដ្ឋាភិបាលចិនបានផ្ដល់នូវ កញ្ចប់តេស្តរកវីរុស Covid-19 ចំនួន ៥០,០១៦ តេស្ត អាវអៀមគ្របចំនួន ៣០,០០០ អាវ
ម៉ាស់ N95 ចំនួន ៣០,០០០ សន្លឹក ម៉ាស់វះកាត់ចំនួន ៣០,០០០ សន្លឹក វ៉ែនតាសុវត្ថិភាពចំនួន ៣០,០០០ សន្លឹក និងទែរម៉ូម៉ែត្រចំនួន ២០០។

ជំនួយថ្មីមួយទៀតនេះ របស់រដ្ឋាភិបាល និងប្រជាជនចិនដែលជាមិត្តដែកថែប សបញ្ជាក់ពីចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រ់ជ្រុងជ្រោយកម្ពុជា-ចិន កាន់តែត្រូវបានពង្រឹងឥតឈប់ឈរ និងបានបញ្ជាក់កាន់តែច្បាស់អំពីដំណើរឈានទៅសម្រេចបានការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានសម្ដែងអំណរគុណយ៉ាងជា្រលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតជួយដល់រដ្ឋាភិបាល និងប្រជាជនកម្ពុជា ទោះក្នុងកាលៈទេសៈណាក៏ដោយ ជាពិសេស ក្នុងពេលដែលវីរុសកូវីដ-១៩ កំពុងរាត្បាតនាពេលបច្ចុប្បន្ននេះ៕



ប្រភព៖ ក្រសួងសុខាភិបាល
អត្ថបទ៖ លីនី


