អាងទឹកស្អុយស្ទឹងមានជ័យ នឹងប្រែមុខមាត់ថ្មីក្លាយជាប្រឡាយបេតុង ស្រស់ស្អាត គ្មានក្លិនស្អុយ និងជាច្រករំដោះទឹកគ្រប់តំបន់
សេដ្ឋកិច្ច June 4, 2020 Chan Sreyny

អាងទឹកស្អុយស្ទឹងមានជ័យ នឹងប្រែមុខមាត់ថ្មីក្លាយជាប្រឡាយបេតុង ស្រស់ស្អាត គ្មានក្លិនស្អុយ និងជាច្រករំដោះទឹកគ្រប់តំបន់ ដែលមកដល់ពេលនេះគឺសម្រេចបានជាង ៩០%ហើយ នេះបើយោងតាមលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន។ តាមរយៈវិដេអូដែលបានបង្ហាញមុននេះបន្តិចនៅលើផេកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានមន្ទីរសាធារណការបានឲ្យដឹងថា ប្រឡាយបេតុងស្ទឹងមានជ័យគឺ ជាការរៀបចំផែនការយុទ្ធសាស្រ្តយូរអង្វែង។

ក្រោយពីការដាក់ចេញគោលនរយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈសាលារាជធានីភ្នំពេញនៅពេលនេះ ប្រឡាយទឹកស្ទឹងមានជ័យបានប្រែក្លាយប្រឡាយស្ទឹងមានជ័យ ពីអាងស្ដុកទឹកស្អុយ ទៅជាប្រឡាយបេតុង យ៉ាងស្អាតគ្មានក្លិនស្អុយ និងអាចរំដោះទឹកចេញពីគ្រប់តំបន់ ជាពិសេសនឹងដោះស្រាយបញ្ហាទឹកជន់លិច នៅខណ្ឌមានជ័យ និងខណ្ឌសែនសុខ ខណៈដែលប្រជាពលរដ្ឋដែលរស់តាមមាត់ច្រាំងប្រឡាយស្ទឹងមានជ័យទទួលបានដី សម្រាប់សាងសង់ផ្ទះ និងជាកម្មសិទ្ធិស្របច្បាប់ នៅហ្នឹងកន្លែងតែម្តងតាមគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។

សូមជម្រាបផងដែរថា ប្រឡាយស្ទឹងមានជ័យថ្មីដែលរដ្ឋបាលរាជធានីភ្នំពេញកំពុងអភិវឌ្ឍនេះមានប្រវែង ១៤៩៨ ម៉ែត្រ ឆ្លងកាត់ខ័ណ្ឌចំនួន ២ គឺខណ្ឌមានជ័យ និងខណ្ឌសែនសុខ។ ក្រៅពីនេះរដ្ឋបាលរាជធានីភ្នំពេញក៏នឹងបន្តអភិវឌ្ឍប្រឡាយជាច្រើនទៀត ដើម្បីជួយរំដោះបញ្ហាទឹកជន់លិចព្រោះតំបន់នោះជាតំបន់រងគ្រោះខ្លាំងនៅពេលដែលមានភ្លៀងធ្លាក់ផងដែរ៕

អត្ថបទ៖ លីនី