មជ្ឈមណ្ឌលឃ្លាំមើលសេដ្ឋកិច្ចឥណ្ឌា (CMIE) បាននិយាយនៅថ្ងៃច័ន្ទនេះថា អត្រាគ្មានការងារធ្វើរបស់ឥណ្ឌានៅក្នុងខែឧសភាបានកើនឡើងដល់ ២៣.៤% ខណៈកាលពីខែមេសាមានការកើនឡើង ២៣.៥% ដោយសារការផលប៉ះពាល់នៃជំងឺរាតត្បាត។ យោងតាមការប៉ាន់ស្មានរបស់ CMIE ជនជាតិឥណ្ឌាប្រហែលជា ១២២ លាននាក់ ត្រូវបានបង្ខំឱ្យចេញពីការងារគិតត្រឹមខែមុនតែមួយ ហើយកម្មករដែលរកមួយថ្ងៃចាយមួយថ្ងៃរងផលប៉ះពាល់ជាងគេបំផុត។ ក្នុងចំណោមអ្នកទាំងនោះគឺជាអ្នកលក់នៅតាមចិញ្ចើមផ្លូវ អ្នកធ្វើការនៅក្នុងឧស្សាហកម្មសំណង់ អ្នករត់តុកតុក -ល- ។
CMIE បាននិយាយថា វិធានការណ៍ស្រោចស្រង់សេដ្ឋកិច្ចដែលប្រកាសដោយរដ្ឋាភិបាលនឹងមិនចាប់ផ្តើមភ្លាមៗទេ ហើយឧស្សាហកម្មមួយចំនួនទំនងជានឹងចាប់ផ្តើមឡើងវិញយ៉ាងវេទនា។ ទិន្នន័យរបស់រដ្ឋាភិបាលក៏បានបង្ហាញថា ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសដែលចូលរួមចំណែកជិត ៤០% នៅក្នុងផលិតកម្មឧស្សាហកម្ម បានធ្លាក់ចុះដល់ទៅ ៣៨.១% នៅខែមេសា ដែលនេះជាភាគរយអាក្រក់បំផុតមិនធ្លាប់មានជាច្រើនឆ្នាំ។
ហេតុផលគឺដោយសារប្រទេសនេះបានធ្លាក់ចូលទៅក្នុងការបិទទ្វារប្រទេសយ៉ាងតឹងរ៉ឹង កាលពីជាង២ខែមុន ដោយសារតែការផ្ទុះឡើងនៃជំងឺ COVID-19។ ការបិទទ្វារនឹងធ្វើឱ្យសេដ្ឋកិច្ចប្រទេសមួយជាប់គាំង ប៉ុន្តែវាអាចកាត់បន្ថយហានិភ័យនៃការឆ្លងនិងស្លាប់បាន។ តែទោះជាយ៉ាងណាក៏ដោយប្រទេសនេះក៏គ្រោងបើកទ្វារជាដំណាក់កាលបណ្ដើរៗវិញដែរ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ៕



អត្ថបទ៖ លីដា
ប្រភព៖ RT


